អន្តរជាតិ

ទីក្រុងដេលីនៃប្រទេសឥណ្ឌានឹងធ្វើការបិទទ្វាររយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃច័ន្ទនេះ ដោយសារតែការឆ្លងរីករាលដាលកាន់តែច្រើននៃករណីជំងឺកូវីដ១៩

BY
autoadmin
April 19, 2021

រដ្ឋធានីដេលីនៃប្រទេសឥណ្ឌាបានប្រកាសពីការបិទខ្ទប់រយៈពេលមួយសប្តាហ៍ បន្ទាប់ទីក្រុងមានការកើនឡើងនូវករណីថ្មីៗនៃជំងឺ COVID-19 ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលកំពុងមានភាពយ៉ាប់យ៉ឺន។ ការបិទខ្ទប់នឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទនេះ ប៉ុន្តែការិយាល័យរដ្ឋាភិបាល និងសេវាកម្មចាំបាច់ដូចជា មន្ទីរពេទ្យ ឱសថស្ថាន និងកន្លែងលក់គ្រឿងទេស នឹងត្រូវបើកទ្វារជាធម្មតាបម្រើជូនពលរដ្ឋ។ ទីក្រុងនេះក៏បានដាក់ចេញនូវបំរាមគោចរពេញមួយសប្ដាហ៍ផងដែរ ប៉ុន្តែយ៉ាងណានៅតែមានការរាយការណ៍ពីករណីថ្មីជាច្រើន ជាមួយនឹងករណីថ្មីចំនួន ២៤,៤៦២ ករណី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ពោលគឺចាប់តាំងពីចូលដល់ខែមេសា ប្រទេសនេះប្រឈមនឹងរលកទី២ ហើយករណីចម្លងក្នុងសហគមន៍ថ្មីៗមានកាន់តែច្រើនលើសលុប។

លោក Arvind Kejriwal នាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃច័ន្ទនេះថា៖«ខ្ញុំតែងតែប្រឆាំងនឹងការចាក់សោរ ប៉ុន្តែលើកនេះវានឹងជួយយើងគ្រប់គ្រងចំនួនគ្រែមន្ទីរពេទ្យនៅដេលី»។ លោកក៏បានអំពាវនាវដល់កម្មករចំណាកស្រុកនៅក្នុងទីក្រុងមិនឱ្យចាកចេញពីទីកន្លែងដែលពួកគេកំពុងរស់នៅនោះទេ ដោយសារកាលពីឆ្នាំមុនការចាក់សោរបានធ្វើឱ្យពួកគេចាកចេញពីកន្លែងរស់នៅទៅផ្ទះនៅឯស្រុកកំណើត ដោយសារអត់ការងារធ្វើនិងគ្មានប្រាក់ ហើយជាលទ្ធផលគឺមានតែការឆ្លងរាតត្បាតកាន់តែច្រើន។ លោកថាវាជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែរដ្ឋាភិបាលគ្មានជម្រើសអ្វីល្អជាងនេះនោះទេ ហើយរដ្ឋនឹងព្យាយាមជួយពួកគេតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: