អន្តរជាតិ

ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុបនៅតែអះអាងថា បញ្ហាឈាមកកគឺជាការធ្វើទុក្ខដ៏កម្រមួយ បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច

BY
autoadmin
April 21, 2021

ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុប ឬ EMA បានចេញផ្សាយនូវលទ្ធផលនៃការសិក្សារបស់ខ្លួនមួយកាលពីថ្ងៃអង្គារ ដោយបានសន្និដ្ឋានថា បញ្ហាឈាមកកបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គួរតែចាត់ចូលជា «ផលប៉ះពាល់ដ៏កម្របំផុតមួយ» បន្ទាប់ពីនាពេលថ្មីៗនេះមានការរាយណ៍មួយចំនួនអំពីបញ្ហាកកឈាម ទាក់ទងនឹងវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Johnson & Johnson ។ ជម្រាបដែរថា មនុស្សជាង ៧ លាននាក់ នៅសហរដ្ឋអាមេរិកបានទទួលវ៉ាក់សាំង Johnson & Johnson  ហើយមានករណីឈាមកកក្នុងខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយតែ ៨ករណី ប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក បូករួមបញ្ចូលទាំងករណីស្លាប់មួយផងដែរ។

EMA និយាយថា ការកកឈាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតទាបនៃប្លាកែតឈាម (blood platelet) ហើយករណីនេះគឺស្រដៀងនឹងករណីដែលបានកើតឡើងជាមួយនឹងវ៉ាក់សាំង AstraZeneca ផងដែរ។ EMA និយាយថា ករណីទាំង ៨ បានកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម ៦០ឆ្នាំ ក្នុងរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង ហើយភាគច្រើនកើតលើស្ត្រី ប៉ុន្តែកត្តាហានិភ័យជាក់លាក់មិនត្រូវបានបញ្ជាក់ទេ។ ភ្នាក់ងារនិយាយថា ការពន្យល់មួយដែលអាចយកជាការបានចំពោះរោគសញ្ញានេះ គឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលវ៉ាក់សាំង។ យ៉ាងណា EMA នៅតែទទូចថា ហានិភ័យរបស់វ៉ាក់សាំងគឺកម្របំផុត ខណៈសុវត្ថិភាពនិងប្រសិទ្ធភាពគឺមានច្រើនជាង។

គួរឱ្យដឹងដែរថា វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបំផុតមួយ ដែលត្រូវការចាក់តែ ១ លើកប៉ុណ្ណោះ ដែលវាបានជួយពន្លឿនការចាក់វ៉ាក់សាំងនាពេលកន្លងមក។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែមានករណីឈាមកកត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិក បច្ចុប្បន្នវ៉ាក់សាំងកំពុងត្រូវបានផ្អាក និងសិក្សាបន្ថែមអំពីបញ្ហាទាំងនេះនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: