អន្តរជាតិ

ទីបំផុតអតីតប៉ូលីស Derek Chauvin ត្រូវបានតុលាការនៅរដ្ឋ Minnesota សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ចំពោះមរណភាពរបស់លោក George Floyd

BY
autoadmin
April 21, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការនៅរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានចេញសាលក្រមចុងក្រោយដល់អតីតប៉ូលីស Derek Chauvin ចំពោះបទល្មើសដែលគាត់បានប្រឈមមុខ បន្ទាប់ពីការស្លាប់របស់លោក George Floyd នៅឯក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ គួររំលឹកដែរថា កាលពីឆ្នាំមុន Derek Chauvin និងមន្ត្រីប៉ូលីស ៣ នាក់ផ្សេងទៀត បានធ្វើឃាតលោក George Floyd នៅអំឡុងពេលដែលពួកគេតាមចាប់ខ្លួន និងចោទប្រកាន់លោក Floyd ពីបទប្រើក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ ដើម្បីទិញបារីនៅហាងលក់ទំនិញមួយកន្លែង។

លោក Derek Chauvin បានសង្កត់-ក លោក George Floyd ច្រើនជាង ៩នាទី ដែលធ្វើឱ្យគាត់ស្លាប់នៅកន្លែងចាប់ខ្លួនតែម្ដង ហើយរឿងរ៉ាវនោះបានធ្វើឱ្យមានកំហឹងជាសាធារណៈ និងការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ដើម្បីទាមទារយុត្តិធម៌ចំពោះលោក Floyd ក៏ដូចជាប្រឆាំងនឹងការរើសអើសពូជសាសន៍។

ដូចនេះនៅក្រោមគោលការណ៍ណែនាំការកាត់ទោសនៅរដ្ឋ Minnesota លោក Chauvin ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១២.៥ ឆ្នាំ ចំពោះបទឧក្រិដ្ឋឃាតកម្មក្នុងនាមជាជនល្មើសជាលើកដំបូង។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាអាចស្វែងរកកាត់ទោសយូរជាងនេះដល់ទៅ ៤០ឆ្នាំ ប្រសិនបើលោក Peter Cahill ចៅហ្វាយស្រុក Hennepin ដែលជាអធិបតីក្នុងការជំនុំជម្រះនោះមើលឃើញថា វាសាកសមនឹងឱ្យជាប់ទោសយូរបែបនោះ។ នៅថ្ងៃដដែលបន្ទាប់ពីចេញសាលក្រមចុងក្រោយរបស់តុលាការ ប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកស្រីអនុប្រធាន Kamala Harris ក៏បាននិយាយតាមទូរស័ព្ទជាមួយសមាជិកគ្រួសាររបស់លោក Floyd ដើម្បីសាកសួរសុខទុក្ខ និងការជជែកមួយចំនួនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: