មេដឹកនាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងបើកកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាលើការឆ្លើយតបនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា
- BY
- autoadmin
- April 21, 2021
មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) នឹងត្រូវជួបគ្នានៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិធីឆ្លើយតបនឹងស្ថានភាពនៅមីយ៉ាន់ម៉ា។ លេខាធិការដ្ឋានអាស៊ាននិយាយថា កិច្ចប្រជុំកម្រិតកំពូលមួយនឹងត្រូវធ្វើឡើងនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ខណៈដែលមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺឧត្តមសេនីយលោក Min Aung Hlaing ក៏កំពុងបង្ហាញចេតនាចង់ចូលរួមកិច្ចប្រជុំនេះដែរ។ ពោលគឺខាងយោធាមីយ៉ាន់ម៉ាមានចេតនាចង់បញ្ជាក់ថា ការធ្វើរដ្ឋប្រហារនេះគឺត្រឹមត្រូវ ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសមាគមអាស៊ាន សម្រាប់ផែនការរបស់ខ្លួនដើម្បីរៀបចំការបោះឆ្នោតទូទៅ បន្ទាប់ពីដកការប្រកាសអាសន្នរយៈពេល ១ឆ្នាំ នៅឆ្នាំក្រោយ។

ប៉ុន្តែនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញក្រុមអ្នកតវ៉ានិយាយថា ឧត្តមសេនីយ៍រូបនេះមិនមែនជាតំណាងជាតិរបស់ពួកគេទេ ចំណែកអ្នកផ្សេងទៀតចោទសួរថា តើរដ្ឋអាស៊ាននឹងគាំទ្ររបបយោធាដែរ ឬទេ។ ឯកសារដែលសារព័ត៌មាន NHK បានទទួលបានបង្ហាញថា សមាជិកអាស៊ានមួយចំនួនសង្ឃឹមថា នឹងពិភាក្សាអំពីបណ្តឹងឧទ្ធរណ៍មួយឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកដទៃទៀត។ អាស៊ានក៏ចង់ពិភាក្សាពីភាពចាំបាច់នៃការជជែករវាងភាគីពាក់ព័ន្ធ ដើម្បីទទួលបានដំណោះស្រាយដោយសន្តិភាព។ ប៉ុន្តែយ៉ាងណាគេនៅមិនដឹងថា តើការឆ្លើយតបរបស់សមាគមអាស៊ានអាចជះឥទ្ធិពលលើស្ថានភាពនៅមីយ៉ាន់ម៉ាបានប៉ុនណាទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






