អន្តរជាតិ

ប្រធានាធិបតីរបស់ប្រទេសឆាដលោក Idriss Deby Itno បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ នៅអំឡុងពិនិត្យសមរភូមិជួរមុខប្រឆាំងនឹងក្រុមឧទ្ទាម

BY
autoadmin
April 21, 2021

អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសឆាដបានរាយការណ៍ថា ប្រធានាធិបតីលោក Idriss Deby Itno បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ ដោយសារការរងរបួស ខណៈពេលដែលលោកកំពុងពិនិត្យមើលសមរភូមិជួរមុខប្រឆាំងនឹងក្រុមឧទ្ទាម។ យោធារបស់ប្រទេសឆាដបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអង្គារអំពីដំណឹងនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់ប្រធានាធិបតីនោះទេ។ គួរឱ្យដឹងដែរថាលោក Idriss Deby Itno បានចាប់ផ្តើមអាជីពរបស់លោកជាមន្រ្តីយោធា ហើយបានកាន់កាប់អំណាចជាប្រធានាធិបតីតាំងពីឆ្នាំ១៩៩០ ពោលគឺគាត់បានគ្រប់គ្រងប្រទេសឆាដអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ប្រទេសឆាដក៏ទើបតែបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះ ហើយលទ្ធផលបឋមដែលបានប្រកាសកាលពីថ្ងៃច័ន្ទបង្ហាញថាលោក Deby នឹងឈ្នះការបោះឆ្នោតអាណត្តិថ្មីទៀត។ ប៉ុន្តែយ៉ាងណារបបផ្តាច់ការរបស់លោក  Idriss Deby Itno បានធ្វើឱ្យមានការរិះគន់ជាច្រើន ហើយកម្លាំងប្រឆាំងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសលីប៊ីដែលនៅជិតខាង បានចេញសកម្មភាពវាយលុកចាប់តាំងពីដើមខែនេះ ហើយបានប្រឈមមុខជាមួយកងទ័ពរដ្ឋាភិបាល ដើម្បីដណ្ដើមយករដ្ឋធានី N’Djamena ។ ឥឡូវនេះយោធារបស់ប្រទេសកំពុងអះអាងថាខ្លួននឹងគ្រប់គ្រងប្រទេសរហូតទាល់តែមានរដ្ឋាភិបាលស៊ីវិលថ្មី ប៉ុន្តែការស្លាប់របស់លោកប្រធានាធិបតី បានធ្វើឱ្យមានការភ័យខ្លាចចំពោះអស្ថិរភាពក្នុងស្រុក និងក្នុងតំបន់៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: