សហរដ្ឋអាមេរិកនឹងបញ្ជូនទ័ពអាកាសរបស់ខ្លួន ដើម្បីជួយស្វែងរកនាវាមុជទឹកឥណ្ឌូនេស៊ីដែលបានបាត់ខ្លួនម្សិលមិញនេះ
- BY
- autoadmin
- April 23, 2021
អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោននៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិកនឹងបញ្ជូនក្រុមទ័ពអាកាសដើម្បីជួយស្វែងរកនាវាមុជទឹករបស់ឥណ្ឌូនេស៊ី ដែលបានបាត់ខ្លួនជាមួយនឹងសមាជិកទាំងអស់ ៥៣នាក់ នៅក្នុងនាវា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា ក្រសួងការពារជាតិអាមេរិកមានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាន ដែលថានាវាមុជទឹក KRI Nanggala 402 បានបាត់ខ្លួនក្នុងពេលកំពុងរៀបចំខ្លួនធ្វើសមយុទ្ធនៅឯឆ្នេរកោះបាលី។

លោកបាននិយាយថា តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី យើងកំពុងបញ្ជូនមធ្យោបាយសង្គ្រោះតាមអាកាស ដើម្បីជួយពួកគេក្នុងការស្វែងរកនាវាមុជទឹកដែលបាត់ខ្លួន។ លោក Kirby បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin គ្រោងនឹងនិយាយជាមួយប្រមុខការពារជាតិឥណ្ឌូនេស៊ី គឺលោក Prabowo Subianto នៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញពីបង្ហាញពីភាពសោកស្ដាយ និងដើម្បីពិភាក្សាអំពីរបៀបដែលអាមេរិកអាចជួយពួកគេបាន។ ឥឡូវនេះការព្រួយបារម្ភគឺថា នាវាមុជទឹក KRI Nanggala 402 អាចមានអុកស៊ីសែនគ្រប់គ្រាន់ត្រឹមថ្ងៃសៅរ៍ប៉ុណ្ណោះ ហើយពេលវេលាក៏កាន់តែជិតអស់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






