សភាអាមេរិកកំពុងអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីដាក់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ទៅជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក
- BY
- autoadmin
- April 23, 2021
សភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington D.C.) ទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ សេចក្តីស្នើច្បាប់ចេញដោយគណបក្សប្រជាធិបតេយ្យនេះ បានទទួលសំឡេងភាគច្រើននៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ ហើយវានឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីស្វែងរកសំឡេងបន្ថែមទៀត។ គួរឱ្យដឹងដែរថា វ៉ាស៊ីនតោនឌីស៊ី គឺជាស្រុករបស់សហព័ន្ធ ដែលមិនមែនជាផ្នែកនៃរដ្ឋណាមួយនោះឡើយ ហើយវាក៏មិនមានសមាជិកនៅក្នុងព្រឹទ្ធសភា ខណៈអ្នកតំណាងរាស្រ្តរបស់វានៅក្នុងរដ្ឋសភា គឺប្រតិភូដែលមិនក្រោមការបោះឆ្នោត។

ទីក្រុងនេះមានប្រជាជនជាង ៧០០,០០០ នាក់ ហើយកន្លងមកធ្លាប់មានការត្អូញត្អែរថា វាអយុត្តិធម៌ណាស់ដែលសំឡេងរបស់អ្នកស្រុកនៅទីនេះមិនត្រូវបានគេលើកឡើងនៅក្នុងសភា។ នៅមុនការបោះឆ្នោតអនុម័តរបស់សភា រដ្ឋបាលរបស់លោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីការគាំទ្រចំពោះច្បាប់នេះ និងអំពាវនាវឱ្យមានការអនុម័តឱ្យបានលឿនពីសភា។ យ៉ាងណាក៏ដោយគណបក្សសាធារណរដ្ឋប្រឆាំងនឹងច្បាប់នេះ ដោយសារប្រជាជននៅវ៉ាស៊ីនតោនឌីស៊ីជាអ្នកប្រជាធិបតេយ្យភាគច្រើន។
បច្ចុប្បន្នព្រឹទ្ធសភាបានចែកក្រុមគ្នារវាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដែលធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យមានការព្រួយបារម្ភថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋអាចដាក់ការប្រឆាំងដើម្បីរារាំងសេចក្តីព្រាងច្បាប់របស់ក្រុមបក្សប្រជាធិបតេយ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






