ភ្នាក់ងារ CDC និង FDA អាមេរិកបានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson ជាថ្មីឡើងវិញ បន្ទាប់ពីវ៉ាក់សាំងបានផ្អាក់ការប្រើប្រាស់អស់រយៈពេល ១០ ថ្ងៃកន្លងមកនេះ
- BY
- autoadmin
- April 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson បានឡើងវិញភ្លាមៗ ក្រោយពេលដែលវ៉ាក់សាំងនេះត្រូវផ្អាក់ការប្រើប្រាស់អស់រយៈពេល ១០ ថ្ងៃកន្លងមកហើយ ដោយសារតែវាបានបង្កឱ្យមានបញ្ហាឈាមកក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) និង រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រថា ពួកគេមិនណែនាំឱ្យមានការផ្អាកការប្រើប្រាស់វ៉ាក់សាំង J&J នោះទេ ដោយសារតែបញ្ហាដែលពាក់ព័ន្ធនឹងការកកឈាមនាពេលកន្លងមក គឺជាករណីកម្រមាន ហើយគុណសម្បត្តិរបស់វ៉ាក់សាំមានច្រើនជាងគុណវិបត្តិ។

ប៉ុន្តែយ៉ាងណាក៏ដោយ CDC និង FDA នៅតែព្រមានដល់ប្រព័ន្ធសុខាភិបាល និងអ្នកទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 អំពីពីហានិភ័យដែលអាចគ្រោះថ្នាក់ដល់ជីវិត ដែលពាក់ព័ន្ធនឹងការកកឈាមធ្ងន់ធ្ងរ និងប្លាកែតទាបជាដើម បើទោះជាករណីទាំងនេះជាករណីកម្រមានក៏ដោយ។ ដូច្នេះពួកគេត្រូវតាមដានយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការរួច។ ទីភ្នាក់ងារទាំង ២ បានធ្វើការសម្រេចចិត្តបន្ទាប់ពីមានកិច្ចប្រជុំជាមួយទីប្រឹក្សា ដែលធ្លាប់បានណែនាំឱ្យផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson ។ ហើយការសម្រេចចិត្តនេះផងដែរ ក៏ត្រូវបានអនុវត្តតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារនានាអំពីហានិភ័យនៃវ៉ាក់សាំង៕


អត្ថបទ៖ លីដា
ប្រភព៖រ៉យទ័រ
- Share This Post:






