អន្តរជាតិ

មេដឹកនាំអាស៊ីអាគ្នេយ៍នឹងមានការប្រជុំគ្នាមួយនៅថ្ងៃនេះជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ខណៈឧត្តមសេនីយឯកលោក Min Aung Hlaing នឹងចូលរួមដើម្បីចង់អះអាងថា ការធ្វើរដ្ឋប្រហាររបស់លោកគឺត្រឹមត្រូវ

BY
autoadmin
April 24, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំតំបន់អាស៊ីអាគ្នេយ៍នឹងមានការប្រជុំគ្នាមួយនៅថ្ងៃសៅរ៍នេះ នៅឯទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នារកវិធីបញ្ចប់ការបង្ហូរឈាមនៅប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបាននិយាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯកលោក Min Aung Hlaing ក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ ដែលវាជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ។

ប្រភពចេញពីអ្នកការទូតបាននិយាយថា ការប្រជុំមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ មិនមែនជា«កិច្ចជំនួបកំពូល» នោះទេ ប៉ុន្តែវាមានគោលបំណងបង្ហាញពីជំហររបស់អាស៊ាន មិនទទួលស្គាល់លោកឧត្តមសេនីយ៍ជាតំណាងជាតិឱ្យប្រទេសមីយ៉ាន់ម៉ានោះទេ។ នេះគឺជាមូលហេតុដែលលោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំនេះ ដើម្បីឆ្លៀតឱកាសបង្ហាញទៅមេដឹកនាំអាស៊ានថា ការធ្វើរដ្ឋប្រហាររបស់ខ្លួនគឺជារឿងត្រឹមត្រូវ។ ឥឡូវនេះបញ្ហាចោទគឺនៅត្រង់ថា តើសមាជិកអាស៊ានអាចរួបរួមគ្នាឈានទៅរកការព្រួយបារម្ភជាអន្តរជាតិ អំពីភាពសាហាវឃោរឃៅរបស់យោធាមីយ៉ាន់ម៉ា និងជួយរកដំណោះស្រាយចំពោះភាពវឹកវរនេះដែរឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: