អន្តរជាតិ

ក្តីសង្ឃឹមក្នុងការស្វែងរកនាវាមុជទឹក KRI Nanggala 402 របស់ឥណ្ឌនេស៊ីកាន់តែខើចទៅវិញ នៅពេលដែលអុកស៊ីសែនបម្រុងរបស់នាវាត្រូវអស់ទៅវិញនៅព្រឹកថ្ងៃសៅរ៍នេះ

BY
autoadmin
April 24, 2021

ក្តីសង្ឃឹមនៅក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់សិបនាក់ ដែលបានរួមដំណើរក្នុងនាវាមុជទឹក KRI Nanggala 402 របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានរលាយអស់ទៅវិញ នៅពេលដែលអុកស៊ីសែនបម្រុងរបស់នាវាត្រូវបានគេជឿថា បានអស់នៅត្រឹមថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នេះផ្ទាល់តែម្ដង។ ប្រភពអ្នកនាំពាក្យបាននិយាយថា នាវាមុជទឹកមួយនោះមានអុកស៊ីសែនបម្រុងសម្រាប់រយៈពេល ៣ ថ្ងៃប៉ុណ្ណោះ  ដូច្នេះមនុស្សដែលនៅក្នុងនាវាគិតរហូតមកទល់ពេលនេះ គឺគ្មានសង្ឃឹមនៅរស់រានមានជីវិតនោះទេ ប៉ុន្តែយ៉ាងណាក្រុមសង្គ្រោះនៅតែបន្ដតាមស្វែងរកនាវាមុជទឹកនោះឱ្យទាល់តែឃើញ។

គួររំលឹកជូនថា នាវាមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី KRI Nanggala 402 ដែលផលិតនៅប្រទេសអាល្លឺម៉ងមួយនេះ បានបាត់ខ្លួននៅភាគខាងជើងកោះបាលី នៅពេលត្រៀមខ្លួនធ្វើសមយុទ្ធ ជាមួយនឹងអ្នករួមដំណើរទាំងអស់ ៥៣នាក់ ដោយរួមមានទាំងមេបញ្ជាការ និងកងនាវិករបស់នាវាផងដែរ។ បើតាមការសង្ស័យ KRI Nanggala 402 ទំនងជាបានលិចចូលក្នុងសមុទ្រជម្រៅ ៧០០ម៉ែត្រ ដែលលើសពីជម្រៅដែលនាវាមុជទឹកនេះអាចទប់ទល់នឹងសម្ពាធបាន ហើយវាគឺជារឿងមួយគួរឱ្យសោកស្ដាយបំផុត នៅពេលដែលអុកស៊ីសែនរបស់នាវាត្រូវអស់នៅព្រឹកថ្ងៃសៅរ៍នេះផ្ទាល់។ គិតមកទល់ពេលនេះនាវាគឺគ្មានតម្រុយថាទៅដល់ទីណានោះទេ បើទោះបីជាអាជ្ញាធរនៃប្រទេសឥណ្ឌនេស៊ីបានព្យាយាមស្វែងរក ហើយបានសុំជំនួយពីអន្តរជាតិយ៉ាងណាក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: