គណៈកម្មការអឺរ៉ុបបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន AstraZeneca ដោយសារមិនបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យទាន់ពេលវេលា
- BY
- autoadmin
- April 27, 2021
សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថ AstraZeneca ដោយសារតែភាពយឺតយ៉ាវរបស់ក្រុមហ៊ុន នៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទាន់ពេលវេលា។ គណៈកម្មការអឺរ៉ុប (The European Commission) ដែលជាសាខាប្រតិបត្តិរបស់សហគមន៍អ៊ឺរ៉ុបបាននិយាយថា ខ្លួនកំពុងប្តឹងក្រុមហ៊ុនដែលមិនគោរពកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំង និងមិនមានផែនការដែលអាចទុកចិត្តបាន ដើម្បីធានាការចែកចាយឱ្យបានទាន់ពេលវេលា។ ចំណែកក្រុមហ៊ុន AstraZeneca បានឆ្លើយថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវនោះទេ ហើយក្រុមហ៊ុននឹងការពារខ្លួននៅក្នុងតុលាការ។

សកម្មភាពផ្លូវច្បាប់នេះបានធ្វើឱ្យមានការកត់សម្គាល់អំពីការបង្កើនជម្លោះ ដែលចាប់កើតមានជាយូរមកហើយរវាងភាគីទាំង ២ លើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អ្នកខ្លះបានអះអាងថា ក្រុមហ៊ុន AstraZeneca បានបង្ហាញការយកចិត្តទុកដាក់ដល់ចក្រភពអង់គ្លេស ជាជាងប្រទេសនៅអឺរ៉ុបដទៃទៀត ប៉ុន្តែយ៉ាងណាក្រុមហ៊ុនបានបដិសេធចំពោះរឿងនេះ។ វាផ្ទុយពីសហរដ្ឋអាមេរិកដែលកំពុងតែប្រកាសថា ខ្លួននឹងចែកចាយវ៉ាក់សាំង AstraZeneca របស់ខ្លួនរហូតដល់ ៦០ លានដូស ជាមួយប្រទេសដទៃទៀតនៅពេលពួកគេមាន៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle
- Share This Post:






