នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានផាកពិន័យ ៦,០០០បាត ដោយសារមិនពាក់ម៉ាស់អំឡុងពេលប្រជុំគណៈរដ្ឋមន្រ្តី
- BY
- autoadmin
- April 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន ៦,០០០ បាត ឬ ១៩០ ដុល្លារអាមេរិក ពីបទមិនបានពាក់ម៉ាសឱ្យបានត្រឹមត្រូវ នៅពេលដែលគាត់កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានរដ្ឋាភិបាល។ រូបភាពបង្ហាញមួយសន្លឹក (ដូចខាងក្រោម) ដែលបង្ហាញពីលោកនាយករដ្ឋមន្ត្រីមិនពាក់ម៉ាស់ ត្រូវបានគេបង្ហោះលើទំព័រហ្វេសប៊ុកបន្ទាប់ពីកិច្ចប្រជុំរបស់លោក។ ក្រោយមក រូបនោះក៏ត្រូវបានគេលុបចោលវិញភ្លាមៗផងដែរ ប៉ុន្ដែមិនអាចឈ្នះការតាមដានរបស់អ្នកលេងបណ្ដាញសង្គមនោះទេ។

ក្រោយមកនៅរសៀលថ្ងៃដដែល អភិបាលក្រុងបាងកកលោក Aswin Kwanmuang អមដំណើរដោយស្នងការប៉ូលីសក្រុង និងមន្ត្រីស៊ើបអង្កេតពីស្ថានីយ៍ប៉ូលីស Dusit បានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ដើម្បីជូនដំណឹងដល់លោកនាយករដ្ឋមន្រ្តីពីការរំលោភសេចក្តីសម្រេចរបស់ក្រុង ដោយតម្រូវឱ្យមនុស្សគ្រប់គ្នានៅទីក្រុងបាងកកត្រូវតែពាក់ម៉ាស់ នៅពេលដែលពួកគេចេញផ្ទះ និងពិន័យជាប្រាក់ ៦,០០០ បាត។ ការពិតទៅមិនមែនលោកនាយករដ្ឋមន្ត្រីមិនចង់ពាក់ម៉ាស់នោះទេ គឺដោយសារលោកភ្លេចខ្លួនហើយមិនបានដាក់វាមកតាម។ នៅអំឡុងថ្ងៃមានការប្រជុំនោះ លោកនាយករដ្ឋមន្ត្រីក៏បានសួរទៅលោកអភិបាលក្រុងថា តើគាត់មានរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 ឬទេ? ហើយលោកក៏ព្រមទទួលការពិន័យនៅពេលដឹងថាគាត់ពិតជាខុសមែន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






