មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃដល់កុមារកម្ពុជា ចំនួន ៧ នាក់ ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាដើម្បីពួកគេទទួលបានភាពរីករាយក្នុងជីវិត
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨: នៅថ្ងៃនេះ កុមារកម្ពុជា ចំនួន ៧ នាក់ បានទទួលការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា។
មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយនឹងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាកម្ពុជា។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ដែលជាគម្រោងមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់ជំនាញឯកទេស និងធនធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារក្នុងប្រទេសជិតខាង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេស មីយ៉ាន់ម៉ា និងវៀតណាមជាដើម ហើយឆ្នាំនេះ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ២០០៣ គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៧៧នាក់ មកហើយ នៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេមានជីវិតស្រស់បំព្រងពោរពេញទៅដោយក្តីសង្ឃឹមសារជាថ្មីឡើងវិញ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីទឹកដីមួយដ៏កំសត់ ពោរពេញទៅដោយបញ្ហា និងវិបត្ដឲ្យក្លាយទៅជាទឹកដីមួយដ៏សម្បួរបែប ប្រកបដោយភាពរីកចម្រើន និងមានសក្ដានុពលលើគ្រប់វិស័យ ក្រោមឥទ្ធិពលនៃសុខសន្ដិភាព ដែលបានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅសមិទ្ធផលធំៗ ជាច្រើន»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនោះផ្នែកដ៏ធំមួយ នៃវិស័យសុខាភិបាល គឺតាមរយៈការសម្រេច បាននូវគោលដៅកាត់បន្ថយអត្រាមរណៈភាព ដែលជាលទ្ធផលជាក់ស្ដែង អត្រាមរណៈភាពកុមារពី ១២៤ ក្នុង ១,០០០កំណើតរស់នាឆ្នាំ២០០០ មកនៅត្រឹម៤៥ នាឆ្នាំ២០១០ និង អត្រាមរណៈភាពមាតា បានធ្លាក់ពី៤៥០ នៅក្នុង១លានកំណើត នៅឆ្នាំ២០០០ មកនៅត្រឹម២០៦ នៅឆ្នាំ២០១០ និងបានថយចុះជាបន្ដបន្ទាប់។
លោកបានបន្ថែមថា ស្ថិតិឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលបានទទួល សេវាសុខាភិបាល (ពិនិត្យ និងព្យាបាលជំងឺ) នៅតាមមូលដ្ឋានសុខភិបាលសាធារណៈរបស់រដ្ឋ មានចំនួនជាង១០លានករណី ហើយអត្រាស្លាប់ មានចំនួន ទាប ឬ ថយចុះ ០,៨៥% ដែលនេះបានបង្ហាញពីកំណើន នៃការប្រើប្រាស់សេវាសុខាភិបាលរដ្ឋ និងភាពកាន់តែប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ លើសពីនេះ ប្រេវ៉ាឡង់នៃគ្រប់ទម្រង់ជំងឺឆ្លង ជាច្រើនទៀត ក៏ត្រូវបានកាត់ បន្ថយគួរឲ្យកត់សម្គាល់។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយចាំមួយចំនួន ដើម្បីបង្កើនការគិតគូរ និងយកចិត្ដទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ នៅទូទាំង ប្រទេស និងការជំរុញលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់វិស័យឯកជន អង្គការសមាគមនានា តាមរយៈកម្មវិធី និងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីផ្ដល់សេវាថែទាំសុខភាព ឲ្យបានកាន់តែទូលំទូលាយ និងការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា តាមរយៈមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់ គឺជាការចូលរួមចំណែកដ៏ធំធេងមួយផងដែរ ទោះបីជាយើងនៅប្រទេសខុសគ្នាក្ដី ប៉ុន្ដែទិសដៅរួមរបស់យើង គឺជួយប្រជាពលរដ្ឋ ដែលមានការលំបាក។

លោកស្រី Napas Paorohitaya តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងជានាយកផ្នែកទីផ្សារនៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានលើកឡើងថា «គម្រោងដែលផ្តល់ការវះកាត់បេះដូងសម្រាប់កុមារដែលមានជំងឺសរសៃឈាមបេះដូងពីកំណើត ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីជួយកុមារ និងត្រូវការការវះកាត់បេះដូងពិតប្រាកដ បើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងការស្លាប់មុនអាយុ ឬការលូតលាស់មិនប្រក្រតី។ការវះកាត់បេះដូងគឺជាការងារដ៏ចាំបាច់ និងស្មុគស្មាញដែលតម្រូវឱ្យមានអ្នកជំនាញផ្នែកវេជ្ជសាស្រ្តខ្ពស់ និងអ្នកឯកទេសខាងវេជ្ជសាស្ត្រដែលមានបទពិសោធន៍។ លើសពីនេះទៀត ការវះកាត់មានតម្លៃខ្ពស់ ជាពិសេសសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ។ នេះជាមូលហេតុដែលមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ត្រូវបានបង្កើតឡើងដើម្បីធានាបានថា កុមារត្រូវបានព្យាបាលទាន់ពេលវេលាដោយកាត់បន្ថយផលវិបាក និងអត្រាមរណភាពស្របពេលដែលសុខភាពរបស់កុមារត្រូវបានលើកកម្ពស់។មូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់បានដាក់ដំណើរការគម្រោងនេះជាបន្តបន្ទាប់ដើម្បីជួយដល់ក្មេងៗតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ រហូតមកដល់ពេលនេះ កុមារដែលមានជំងឺបេះដូងពីកំណើត ៧៧៧ នាក់នៅក្នុងប្រទេសថៃ បានទទួលការវះកាត់បេះដូងតាមរយៈគម្រោងនេះ។
ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បន្ទាប់ពីគម្រោងនេះត្រូវបានបង្កើតឡើងបានយ៉ាងល្អនៅក្នុងប្រទេសថៃ ជំនួយត្រូវបានពង្រីកដល់បណ្តាប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងវៀតណាម។ ហើយនៅឆ្នាំនេះ ក្នុងឱកាសគម្រប់ខួប 38 ឆ្នាំនៃការបង្កើតមន្ទីរពេទ្យបំរ៉ុងរ៉ាត់ យើងបានប្តេជ្ញាបន្តផ្តល់ដំណោះស្រាយរបស់យើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ហើយដើម្បីបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាងថៃ និងកម្ពុជាតាមរយៈកម្មវិធីសុខភាពសាធារណៈ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនការវះកាត់បេះដូងដល់កុមារកម្ពុជា ចំនួន 5 នាក់ដែលមានជំងឺបេះដូងពីកំណើតដើម្បីវះកាត់ព្យាបាលនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ក្នុងប្រទេសថៃ។ ការវះកាត់នេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដែលអាចជួយសម្រួលដល់ស្ថានភាពលំបាករបស់មន្ទីរពេទ្យនៅកម្ពុជា។»

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «គម្រោងនេះ គឺជាបេសកកម្មដ៏ល្អឧត្តុង្គឧត្តមជាទីបំផុត។ គម្រោងនេះ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតក្មេងៗ ដែលមានជីវភាពក្រីក្រ និងអស់ក្តីសង្ឃឹមទាំងនេះប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏រឹងមាំរវាងប្រទេសថៃ និងប្រទេសកម្ពុជាទៀតផងដែរ។ គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនេះ គឺស្តែងឲ្យឃើញពីភាពជាក់ច្បាស់រវាង”បេះដូង និង បេះដូង” ពោលគឺបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសថៃមានចំពោះប្រទេស កម្ពុជា។»
ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា បានលើកឡើងថា «យើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃគម្រោងដ៏អស្ចារ្យមួយនេះ និងបានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលត្រូវការវះកាត់ជំងឺបេះដូង។ នៅចំពោះមុខ អ៊ែរ អេស៊ា នឹងជួយដល់អ្នកជំងឺដែលបានជ្រើសរើសរួច រួមនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យបានធ្វើដំណើរតាមយន្តហោះដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺបេះដូង។ នេះគឺជាតួនាទីដ៏មានអត្ថន័យសម្រាប់យើង ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែកជួយដល់អ្នកដែលមានតម្រូវការចាំបាច់នេះ។»

ឯកឧត្តមសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះម្ចាស់ជំនួយ និងដៃគូទាំងអស់នៃមូលនិធិនេះ។ ខ្ញុំក៏សូមចូលរួមត្រេកអរផងដែរ ជាមួយនឹងកុមារដែលមានជំងឺបេះដូងពីកំណើតនេះ ដែលបានទទួលបានការវះកាត់នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ នៅប្រទេសថៃ ដោយឥតគិតថ្លៃ ដែលនេះជាជំនួយដ៏ធំសម្រាប់ប្រជាជនកម្ពុជា។ នេះជាការចាប់ផ្តើម ចូលរួមចំណែកដល់កុមារកម្ពុជាជាមួយមជ្ឈមណ្ឌលជំងឺបេះដូងភ្នំពេញ ដែលធ្លាប់បានជួយវះកាត់ និងពិនិត្យព្យាបាលកុមារកម្ពុជាជាច្រើនមកហើយ ហើយគម្រោងនេះ នៅតែត្រូវការដៃគូសហការយូរអង្វែងសម្រាប់អនាគត តទៅទៀត។»
អំពី មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់
មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់ជូននូវការថែទាំសុខភាពដល់ប្រជាជនថៃ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបាននូវសេវាកម្មសុខភាពដោយឥតគិតថ្លៃ ចាប់ពីការពិនិត្យសុខភាពរហូតដល់ការវះកាត់សង្គ្រោះជីវិតសម្រាប់កុមារដែលមានជំងឺបេះដូង ហើយមូលនិធិនេះត្រូវបានដាក់ឈ្មោះថា មូលនិធិសប្បុរសធម៌ព្យាបាលជំងឺបេះដូង។
អំពី មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានបើកដំណើរការនៅឆ្នាំ១៩៨០ ជាមន្ទីរពេទ្យឯកជនដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០០២ បំរ៉ុងរ៉ាត់ បានក្លាយជាមន្ទីរពេទ្យដំបូងបង្អស់នៅអាស៊ី ដែលត្រូវបាន ពិនិត្យ និងទទួលស្គាល់ដោយគណៈកម្មការចម្រុះ ដែលជាផ្នែកមួយនៃស្ថាប័នដូចគ្នា ដែលទទួលស្គាល់ពីមន្ទីរពេទ្យនៅអាមេរិកផងដែរ។ អ្នកជំងឺជាង ១លាននាក់ មកពី ២០០ ប្រទេសផ្សេងៗគ្នា ត្រូវបានព្យាបាលជារៀងរាល់ឆ្នាំ។ មន្ទីរពេទ្យនេះ ផ្តល់ជូននូវឯកទេសវេជ្ជសាស្រ្ត និងឯកទេសរងចំនួនជាង ៨០ ជាមួយនឹងសេវាកម្មថែទាំសុខភាពល្អបំផុត ដែលមានអ្នកជំងឺសម្រាកនៅពេទ្យចំនួនជាង ៤០០ នាក់ និងអ្នកមកព្យាបាលជំងឺចំនួន ៣០០០ នាក់ជារៀងរាល់ថ្ងៃ។