អន្តរជាតិ

ពលរដ្ឋថៃបានព្រមានទៅកាន់អាជ្ញាធរថា ពួកគេនឹងដុតកម្ទេចសាលសន្និសិទរបស់ខេត្តចោល ប្រសិនបើមានការនាំយកអ្នកជំងឺកូវីដ១៩ ពីតំបន់ផ្សេងមកព្យាបាលក្នុងខេត្ត

BY
autoadmin
April 29, 2021

ពលរដ្ឋនៅក្នុងខេត្ត Nakhon Si Thammarat របស់ប្រទេសថៃ បានធ្វើការព្រមានទៅកាន់អាជ្ញាធរដោយបានសរសេរថា ពួកគេនឹងដុតកម្ទេចសាលសន្និសិទរបស់ខេត្តចោល ប្រសិនបើមន្ត្រីសុខាភិបាលដំឡើងវាទៅជាកន្លែងព្យាបាលបណ្ដោះអាសន្ន ហើយបញ្ជូនអ្នកជំងឺពីតំបន់ផ្សេងចូកមកព្យាបាលនៅក្នុងខេត្តរបស់ពួកគេ ដោយសារថាពួកគេខ្លាចអ្នកក្រៅអាចនាំជំងឺ COVID-19 មកចម្លងនៅក្នុងខេត្ត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា អាជ្ញាធរនៅខេត្ត Nakhon Si Thammarat មានបំណងយកសាលសន្និសិទមួយ នៅស្រុកមឿង មកធ្វើជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 ឬទទួលព្យាបាលអ្នកជំងឺដែលបញ្ជូនមកពីកន្លែងផ្សេង ដើម្បីទប់ស្កាត់ភាពជាប់គាំងនៅតាមមន្ទីរពេទ្យក្នុងទីប្រជុំជន ខណៈដែលប្រទេសនេះកំពុងមានករណីកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែយ៉ាងណាពលរដ្ឋមិនបានពេញចិត្តនឹងគំនិតនេះទេ ។

ពលរដ្ឋរស់នៅតំបន់ Na Khian បាននិយាយថា ពួកគេយល់ព្រមឱ្យមានការដំឡើងកន្លែងព្យាបាលបណ្ដោះអាសន្ននៅឯសាលសន្និសិទរបស់ខេត្ត សម្រាប់ព្យាបាល ឬធ្វើចត្តាឡីស័ក ចំពោះអ្នកដែលរស់នៅក្នុងស្រុកតំបន់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនយល់ព្រមនោះទេប្រសិនបើទទួលយកអ្នកជំងឺពីកន្លែងផ្សេងមកព្យាបាល ព្រោះអ្នកក្រៅអាចជាភ្នាក់ងារចម្លងថ្មី ដែលធ្វើឱ្យតំបន់របស់ពួកគេមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 ។ គួរឱ្យដឹងដែរថា ខេត្តនេះបានដំឡើងកន្លែងព្យាបាលបណ្ដោះអាសន្នចំនួន ៣ រួចមកហើយ ដើម្បីនាំយកអ្នកជំងឺ COVID-19 ដែលមានអាការស្រាលមកព្យាបាល ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យនានាកុំឱ្យមានការកកស្ទះនៅពេលដែលមានអ្នកជំងឺ COVID-19 កើនឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: