អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនឱសថ BioNTech មានជំនឿចិត្តថា វ៉ាក់សាំងរបស់ក្រុមហ៊ុនលោក គឺមានប្រសិទ្ធភាពលើជំងឺកូវីដ១៩ ដែលបំលែងខ្លួននៅប្រទេសឥណ្ឌា

BY
autoadmin
April 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Ugur Sahin ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន BioNTech បានបង្ហាញនូវទំនុកចិត្តខ្ពស់របស់លោក ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech បានសហការបង្កើតឡើងជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer ដោយបាននិយាយថា វ៉ាក់សាំងអាចមានប្រសិទ្ធភាពជាមួយនឹងជំងឺ COVID-19 ប្រភេទ «B1617» ដែលបំលែងខ្លួននៅប្រទេសឥណ្ឌាបាន ដោយផ្អែកលើការសិក្សាកាលពីមុនមក។

លោក Ugur Sahin បាននិយាយថា លោកមានជំនឿចិត្តយ៉ាងខ្លាំងចំពោះវ៉ាក់សាំងបង្ការ ដែលក្រុមហ៊ុនទាំង ២ បានបង្កើតឡើងរួមគ្នា ហើយបើទោះបីជាឥឡូវនេះក្រុមហ៊ុនរបស់លោកកំពុងសិក្សាបន្ថែមលើការបំលែងខ្លួននៅប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែហ្សែនរបស់ជំងឺ COVID-19 បំលែងនៅប្រទេសឥណ្ឌា «B1617» មួយនោះ គឺធ្លាប់ត្រូវបានក្រុមហ៊ុនយកមកសិក្សាកាលពីពេលមុនៗ នៅពេលដែលកំពុងបង្កើតវ៉ាក់សាំងរួចមកហើយ។ លោកបានបន្ថែមថា លោកមានទំនុកចិត្តថា វ៉ាក់សាំងមានរនាំងការពារចំពោះជំងឺ COVID-19 ប្រភេទ «B1617» រួចហើយ ប៉ុន្តែបើក្រុមហ៊ុនរបស់លោកត្រូវបានគេតម្រូវឱ្យពង្រឹងសមត្ថភាពវ៉ាក់សាំងបន្ថែមទៀត លោកនឹងធ្វើវាឡើង ហើយលោកក៏គ្មានការបារម្ភចំពោះវាដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: