អន្តរជាតិ

ជំងឺកូវីដ១៩បំលែងខ្លួននៅប្រទេសឥណ្ឌា មានការចម្លងលឿនជាងមុន គ្រោះថ្នាក់ជាងមុន និងអាចកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយសារហេតុផលនេះ

BY
autoadmin
April 29, 2021

ប្រទេសឥណ្ឌាបច្ចុប្បន្នបានប្រឈមនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ហើយរយៈពេលជាងមួយសប្ដាហ៍កន្លងមកនេះ ប្រទេសនេះមានករណីច្រើនជាង ៣០០,០០០ ករណី ដែលត្រូវបានគេកត់ត្រាជារៀងរាល់ថ្ងៃ។ ពោលគឺចាប់តាំងពីដើមខែមេសានេះ ប្រទេសឥណ្ឌាបានប្រឈមនឹងរលកទី២ នៃជំងឺ COVID-19 ដែលធ្វើឱ្យការចម្លងមានកាន់តែច្រើននៅគ្រប់ទីកន្លែង ហើយស្ថានភាពជំងឺគឺធ្ងន់ធ្ងរជាងប្រភេទមុនៗទៀត។ ទន្ទឹមនឹងនេះដែរ អ្នកជំនាញក៏បានជឿថា ជំងឺ COVID-19 បំលែងខ្លួន «B1617» ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺជាមូលហេតុដែលធ្វើឱ្យការឆ្លងកាន់តែលឿន និងសាហាវជាងមុន នៅក្នុងប្រទេសដែលមានប្រជាជនជាង ១.៣៥ ពាន់លាននាក់ មួយនេះ។

ចុះហេតុអ្វីបានជាជំងឺ COVID-19 នៅប្រទេសឥណ្ឌាឆ្លងរាលដាល និងសាហាវជាងប្រភេទដទៃ?

បើយោងតាមលោក Hsu Li Yang ដែលជាសាស្ត្រាចារ្យនៃសាលាសុខភាពសាធារណៈ Saw Swee Hock របស់សាំងហ្គាពួរ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន TODAY បានឱ្យដឹងថា ជំងឺ COVID-19 ដែលកំពុងវាយប្រហារនៅក្នុងប្រទេសឥណ្ឌា គឺមានហ្សែនចំនួន ២ ខណៈដែលជំងឺ COVID-19 ប្រភេទពីមុនគឺមានហ្សែនតែ ១ ប៉ុណ្ណោះ បើទោះបីជាហ្សែនខ្លះអាចមានភាពខុសគ្នាដោយសារតែការផ្លាស់ប្ដូររបស់ជំងឺក៏ដោយ។ ប្រការនេះបានធ្វើឱ្យវាអាចចម្លងលឿនជាងមុន គ្រោះថ្នាក់ជាងមុន ហើយចំណែកវ៉ាក់សាំងបង្ការវិញ ក៏ត្រូវចុះថយប្រសិទ្ធភាពលើជំងឺ COVID-19 ប្រភេទ «B1617» មួយនេះដែរ។ ហ្សែនទាំង ២ របស់វាគឺ E484Q និង L452R ហើយរហូតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីអ្នកវិទ្យាសាស្ត្រ អំពីទំហំនៃការចម្លង ឬហានិភ័យខ្លាំងប៉ុនណានោះទេ។

លោកបណ្ឌិត Anurag Agrawal នាយកវិទ្យាស្ថានវិទ្យាសាស្ត្រឧស្សាហកម្មនៃក្រុមប្រឹក្សាស្រាវជ្រាវរបស់ប្រទេសឥណ្ឌា បាននិយាយទៅកាន់សារព័ត៌មាន Bloomberg កាលពីសប្តាហ៍មុនថា ហ្សែន L452R មានការចម្លងខ្លាំងជាងមុនប្រហែល ២០% និងកាត់បន្ថយប្រសិទ្ធភាពរបស់អង់ទីករក្រោយពេលចាក់វ៉ាក់សាំង ៥០% ។ នេះគឺនិយាយចំពោះតែ L452R ប៉ុណ្ណោះ ខណៈដែល E484Q គឺមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេ។ ឥឡូវនេះបញ្ហានៅត្រង់ថា ប្រសិនបើជំងឺ COVID-19 កាន់តែធន់ជាមួយអង់ទីកររបស់មនុស្ស វានឹងធ្វើឱ្យវ៉ាក់សាំងបង្ការដែលកំពុងមាននាពេលបច្ចុប្បន្ន មិនអាចមានប្រសិទ្ធភាពពេញលេញជាមួយជំងឺនោះទេ ប៉ុន្តែទោះជាយ៉ាងណាវ៉ាក់សាំងនៅតែអាចដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកាត់បន្ថយអត្រាការស្លាប់ និងស្ថានភាពធ្ងន់ធ្ងររបស់ជំងឺ៕

អត្ថបទ៖ លីដា
ប្រភព៖ TODAY

Share This Post: