អន្តរជាតិ

ប្រទេសគុយវ៉ែតមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញពីប្រទេសនោះទេ ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ឱ្យបានត្រឹមត្រូវ

BY
autoadmin
May 4, 2021

គណៈរដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសគុយវ៉ែតបានសម្រេចថា ពលរដ្ឋនៃប្រទេសគុយវ៉ែតនឹងមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាននោះទេ លុះត្រាតែពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួនដូសជាមុនសិន។ ក្រសួងព័ត៌មានរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃច័ន្ទថា ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែឧសភា ហើយក្រុមមនុស្សដែលគ្មានសិទ្ធិក្នុងការទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានគេលើកលែង។ សព្វថ្ងៃប្រទេសដែលមានប្រជាជន ៤.៤ លាននាក់មួយនេះ បានអនុម័តវ៉ាក់សាំងចំនួន ២ គឺវ៉ាក់សាំងរបស់ Pfizer-BioNTech និង AstraZeneca-Oxford ហើយមានវ៉ាក់សាំងច្រើនជាង ១.១ លានដូសរួចមកហើយ ដែលត្រូវបានដាក់ចេញឱ្យប្រើប្រាស់។

សម្រាប់ច្បាប់ដែលហាមឃាត់អ្នកដំណើរដែលមិនមែនជាពលរដ្ឋរបស់ប្រទេសគុយវ៉ែតគឺនៅតែរក្សាដដែល ខណៈដែលប្រទេសនេះក៏ទើបតែចេញច្បាប់ហាមឃាត់មិនឱ្យមានការហោះហើរពីប្រទេសឥណ្ឌានោះទេចាប់តាំងពីខែមេសា។ ប្រទេសគុយវ៉ែតផ្ទាល់ក៏មានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ  ដោយមានមនុស្សពី ១,៣០០ ទៅ ១,៥០០ នាក់ បានឆ្លងជំងឺជារៀងរាល់ថ្ងៃ។ ពោលគឺចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត មានពលរដ្ឋនៅគុយវ៉ែតសរុបចំនួន ២៧៦,៥០០ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយមានអ្នកស្លាប់ជិត ១,៦០០ នាក់ ដោយសារជំងឺមួយនេះ៕

អត្ថបទ៖ លីដា់
ប្រភព៖ RT

Share This Post: