អន្តរជាតិ

ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បានដាក់ពាក្យស្នើសុំការអនុញ្ញាតិពី FDA អាមេរិក ដើម្បីស្វែងរកការអនុម័តពេញលេញលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលពួកគេជាអ្នកបង្កើតឡើង

BY
autoadmin
May 8, 2021

ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បានដាក់ពាក្យសុំការអនុញ្ញាតិទៅកាន់រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ (FDA) កាលពីថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើឱ្យមានការប្រើប្រាស់ពេញលេញចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលពួកគេបានរួមដៃគ្នាបង្កើតឡើង សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំ ឬច្រើនជាងនេះ។ កន្លងមកវ៉ាក់សាំងត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ប៉ុណ្ណោះ ដូច្នេះប្រសិនបើវាទទួលបានការអនុញ្ញាតមែននោះ វានឹងក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលទទួលបានការអនុម័តពេញលេញពីអាជ្ញាធរឱសថរបស់សហរដ្ឋអាមេរិក។

លោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានមានប្រសាសន៍ថា៖«យើងទន្ទឹងរងចាំធ្វើការជាមួយ FDA ដើម្បីបំពេញការដាក់បញ្ចូលនេះ និងគាំទ្រដល់ការពិនិត្យឡើងវិញរបស់ពួកគេ ដោយមានគោលដៅធានាការអនុម័តវ៉ាក់សាំងឱ្យបានពេញលេញក្នុងប៉ុន្មានខែខាងមុខនេះ»។

គួរឱ្យដឹងដែរថា រដ្ឋបាលចំណីអាហារនិងឪសថ ធ្លាប់បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Pfizer រួមដៃគ្នាជាមួយ BioNTech កាលពីក្នុងខែធ្នូ ឆ្នាំ២០២០ ហើយការស្នើសុំការអនុញ្ញាតពេញលេញនេះ អាចមានន័យថា វ៉ាក់សាំងអាចត្រូវបានបន្ដអនុវត្តជាផ្លូវការ សូម្បីតែបន្ទាប់ពីមន្ត្រីសុខាភិបាលនិយាយថា វិបត្តិជំងឺ COVID-19 បានបញ្ចប់ទៅវិញក៏ដោយ។ ពោលគឺវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអនុម័តសម្រាប់ស្ថានភាពបន្ទាន់ក្នុងអំឡុងពេលនេះ គឺសម្រាប់តែស្ថានភាពប្រឈមនាពេលឥឡូវនេះប៉ុណ្ណោះ មិនអាចមានឥទ្ធិពលសម្រាប់ការប្រើប្រាស់នាពេលខាងមុខនោះទេ លុះត្រាតែវាត្រូវបានអនុម័តពេញលេញដូចករណីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: