អន្តរជាតិ

សហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដប្រភេទនេះ សម្រាប់កុមារមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ

BY
autoadmin
May 11, 2021

និយ័តករអាមេរិកកាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech អាចប្រើប្រាស់បានចំពោះកុមារដែលមានអាយុ ១២ឆ្នាំ ហើយបាននិយាយថា ពួកគេអាចចាប់ផ្តើមទទួលថ្នាំបង្ការបាននៅថ្ងៃព្រហស្បតិ៍ ដែលវាបានចូលរួមចំណែកនៅក្នុងការពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់អាមេរិក បើទោះបីជាមួយរយៈចុងក្រោយនេះអត្រាចាក់វ៉ាក់សាំងមានការថយចុះក៏ដោយ។ ដូច្នេះវានឹងក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតសម្រាប់ក្មេងអាយុពី ១២ ទៅ ១៥ឆ្នាំ នៅឯសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី ចូ បៃដិន ក៏បានចេញសេចក្តីថ្លែងការណ៍មួយអបអរចំពោះការអនុញ្ញាតនេះ ដោយហៅវាថាជា «ការអភិវឌ្ឍដ៏ជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស» ។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកជាឪពុកម្តាយដែលចង់ការពារកូនរបស់អ្នក ឬក្មេងជំទង់ម្នាក់ដែលចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំងនោះ ការសម្រេចចិត្តថ្ងៃនេះគឺជាជំហានមួយខិតទៅជិតគោលដៅនោះ»។ កន្លងមកវ៉ាក់សាំងត្រូវបានគេប្រើប្រាស់ក្នុងករណីបន្ទាន់សម្រាប់មនុស្សអាយុចាប់ពី ១៦ឆ្នាំ ហើយក្រុមហ៊ុន Pfizer និង BioNTech សង្ឃឹមថា នឹងអាចទទួលបានការអនុម័តពេញលេញនៅពេលឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: