អន្តរជាតិ

អង់គ្លេសនឹងចាប់ផ្ដើមដកការរឹតត្បឹតទប់ស្កាត់ជំងឺកូវីដ១៩ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីករណីឆ្លងថ្មីមានការចុះថយ ហើយពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងបង្ការរួចរាល់

BY
autoadmin
May 11, 2021

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា វិធានការទប់ស្កាត់ប្រឆាំងនឹងជំងឺ COVID-19 ដែលបានដាក់លើប្រទេសអង់គ្លេស នឹងត្រូវបានបន្ធូរបន្ថយនៅពេលស្ថានការណ៍ជំងឺបានប្រសើរឡើង។ ជាក់ស្ដែងនៅថ្ងៃច័ន្ទនេះផ្ទាល់ លោកនាយករដ្ឋមន្ត្រីបានប្រកាសអំពីការបន្ធូរបន្ថយនេះ នៅពេលដែលអង់គ្លេសមានការចុះថយនូវករណីឆ្លងថ្មីៗ ហើយកម្មវិធីចាក់វ៉ាក់សាំងបានបន្ដធ្វើឡើងជាបន្ដបន្ទាប់។ គួររំលឹកជូនដែរថា អង់គ្លេសបានប្រឈមនឹងការឆ្លងរីករាលដាលដ៏អាក្រក់បំផុតនៅឆ្នាំនេះ ដោយសារតែជំងឺ COVID-19 បំលែងខ្លួនថ្មី ហើយចំនួនឆ្លងដ៏ច្រើនបំផុតដែលធ្លាប់កត់ត្រាគឺ ៦០,០០០ ករណីក្នុងមួយថ្ងៃ ប៉ុន្តែប៉ុន្មានរយៈចុងក្រោយនេះគឺមានតែ ២,០០០ ករណី​ប៉ុណ្ណោះ។

ចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ តៀមស្រា និងភោជនីយដ្ឋាននៅទីក្រុងឡុងដ៍ នឹងអាចបម្រើអតិថិជននៅក្នុងហាងបាន ដែលវាជាការបន្ធូរបន្ថយជាលើកដំបូងបំផុតក្នុងរយៈពេលជិត ៥ ខែចុងក្រោយនេះ។ កន្លែងបិទជិត (indoor) ដូចជារោងកុន និងសារមន្ទីរ ក៏នឹងអាចដំណើរការឡើងវិញបានដែរ ខណៈប្រជាជននឹងអាចជួបជុំជាក្រុមរហូតដល់ទៅ ៦នាក់ ឬរហូតដល់ ២គ្រួសារ នៅក្នុងបរិវេនផ្ទះរបស់ពួកគេ ហើយការឱបមិត្តភ័ក្រ ឬក្រុមគ្រួសារក៏មិនមានការរឹតត្បឹតដែរ។ ចំណែកការធ្វើដំណើរទៅបរទេស នឹងត្រូវចាប់ផ្ដើមឡើងវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ហើយគោលដៅនឹងត្រូវបានកំណត់អាស្រ័យលើស្ថានភាពជំងឺ COVID-19 នៅទីតាំងគោលដៅទាំងនោះ។

លោក Boris Johnson បាននិយាយថា៖ «យើងកំពុងប្រកាសជំហានធំបំផុតតែមួយលើផែនទីបង្ហាញផ្លូវរបស់យើង»។ លោកបានស្នើថា ប្រសិនបើស្ថានភាពនៅតែបន្តប្រសើរឡើងអង់គ្លេសអាចដកការរឹតត្បិតជាច្រើននៅថ្ងៃទី២១ ខែមិថុនា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: