អន្តរជាតិ

អ្នកវិទ្យាសាស្ត្របានរកឃើញថា ជំងឺកូវីដ១៩ បំប្លែងខ្លួននៅប្រទេសឥណ្ឌាអាចគេចពីវ៉ាក់សាំងបង្ការបាន ប៉ុន្តែជំងឺអាចឆ្លងបានក្នុងកម្រិតស្រាលប៉ុណ្ណោះ

BY
autoadmin
May 12, 2021

អ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេសបានរកឃើញថា ជំងឺ COVID-19 ដែលបំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថា B.1.617 អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគេចចេញពីអង់ទីករ ដែលមាននៅក្នុងវ៉ាក់សាំងបង្ការជំងឺ COVID-19 នាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ។ ដូច្នេះវាមានន័យថា ជំងឺ COVID-19 ប្រភេទ B.1.617 នៅតែអាចចម្លងបានជាធម្មតាលើអ្នកដែលចាក់វ៉ាក់សាំងបង្ការរួច ប៉ុន្តែយ៉ាងណាអ្នកវិទ្យាសាស្ត្របានអះអាងថា វាអាចឆ្លងក្នុងកម្រិតស្រាលប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា ជំងឺ COVID-19 ដែលបំប្លែងខ្លួននៅឥណ្ឌា គឺមានហ្សែនចំនួន ២ (E484Q/L452R) ដែលធ្វើឱ្យជំងឺអាចចម្លងបានយ៉ាងលឿន និងមានភាពគ្រោះថ្នាក់ជាងមុន ហើយរបាយការណ៍ពីមុនៗជាច្រើនបាននិយាយថា ជំងឺនេះមិនត្រូវជាមួយវ៉ាក់សាំងបង្ការ ដែលបង្កើតឡើងនាពេលបច្ចុប្បន្ននោះទេ។ កន្លងមក អង្គការសុខភាពពិភពលោកក៏បានដាក់ជំងឺ COVID-19 ប្រភេទ B.1.617 នេះចូលជា «ការបំប្លែងដ៏គួរឱ្យបារម្ភ» ផងដែរ។

នៅក្នុងឯកសារមួយរបស់អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ជាន់ខ្ពស់ INSACOG នៃប្រទេសឥណ្ឌា និងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge របស់ចក្រភពអង់គ្លេស បានសរសេរថា B.1.617 មានសមត្ថភាពអាចគេចចេញពីអង់ទីករ ដែលត្រូវបានបង្កើតនៅក្នុងវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្នបាន ពោលគឺមនុស្សនៅតែអាចឆ្លងវាបាន បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងបង្ការរួចក៏ដោយ។ កន្លងមកក៏មានការអះអាងថា វ៉ាក់សាំង Covaxin និង Pfizer មានប្រសិទ្ធភាពជាមួយមេរោគថ្មីផងដែរ ប៉ុន្តែការរកឃើញថ្មីនេះនៅតែបញ្ជាក់ថា វ៉ាក់សាំងមិនអាចមានសមត្ថភាពទាំងស្រុងលើ B.1.617 នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ India Times

Share This Post: