ទឹកចិត្តឪពុកខំប្រឹងតស៊ូរកប្រាក់មិនហ៊ានឈប់សម្រាក ដើម្បីឲ្យកូនបានរៀនសូត្រ តែចុងក្រោយត្រូវជួបរឿងអកុសលបែបនេះទៅវិញ
ចិន៖ ដើម្បីអនាគតរបស់កូនប្រុសជាទីស្រលាញ់លោកឪពុកម្នាក់សុខចិត្តធ្វើការងារយ៉ាងនឿយហត់បំផុតដោយមិនគិតថ្ងៃឈប់សម្រាក តែចុងក្រោយគាត់បែជាបានជួបនូវរឿងអកុសលធំមួយនៅក្នុងជីវិតរបស់គាត់។ លោកឪពុកកំសត់រូបនេះមិនត្រូវបានបង្ហាញឈ្មោះនោះទេ គេគ្រាន់ដឹងថាគាត់រស់នៅក្នុងខេត្ត Henan ប្រទេសចិន និងប្រកបរបរជាកម្មករតាមរោងចក្រជាមួយនឹងប្រាក់ខែតិចតួច។ ឪពុកកំសត់រូបនេះបានឲ្យដឹងថា ដើម្បីសន្សំលុយឲ្យកូនអាយុ១៣ឆ្នាំរបស់គាត់បានរៀន គាត់ត្រូវផ្ញើរកូនឲ្យនៅជាមួយបងប្អួន ហើយគាត់ត្រូវទៅធ្វើការនៅខេត្តឆ្ងាយៗ និងមិនសូវបានមកមើលថែរកូននោះទេ ព្រោះគាត់ត្រូវធ្វើការងារថែមម៉ោងទោះក្នុងថ្ងៃបុណ្យជាតិដ៏ដោយ។
យ៉ាងណាក្តីក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលទើបកន្លងទៅថ្មីៗនេះ គាត់បានសម្រេចមកលេងកូន តែជាអកុសលពេលមកដល់ផ្ទះ ស្រាប់តែឃើញកូនរបស់គាត់ដេកស្លាប់នៅលើដងផ្លូវ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ លោកឪពុករូបនេះខឹងនឹងបងប្អួនគាត់ខ្លាំងណាស់ ដែលមានទទួលលុយពីគាត់រាល់ខែ សម្រាប់មើលថែកូនរបស់គាត់ តែជាក់ស្តែងពួកគេមិនដែលមើលថែកូនរបស់គាត់ទាល់តែសោះ សូម្បីតែពេលគេស្លាប់ហើយគ្មានអ្នកណាដឹងឮទៀត។ រឿងរ៉ាវកំសត់នេះត្រូវបានគេយកទៅចុះផ្សាយពេញបណ្តាញសង្គម ហើយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាអាណិតបុរសជាឪពុកនោះយ៉ាងខ្លាំង ដ្បិតគាត់បានលះបង់គ្រប់យ៉ាងដើម្បីកូន តែការលះបង់នេះបានក្លាយទៅជាកំហុសដ៏ធំក្នុងជីវិតរបស់គាត់ទៅវិញ៕

ភក្តី
ប្រភព៖ nextshark