អ៊ីដតខូ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” ពីស្ថាប័ន Frost & Sullivan ជាលើកទី២
ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ – ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco Group) ដែលជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ មានសេចក្តីរីករាយសូមជម្រាបជូនថា ក្រុមហ៊ុនទើបតែទទួលបាន ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan ។ នេះជាលើកទី ២ ហើយដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦ ថាជាក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។
នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានលើកឡើងថា៖ “យើងមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost និង Sullivan សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នា ។ ពានរង្វាន់នេះ គឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការធានានូវហេដ្ឋារចនាសម្ព័ន្ធរួមបានត្រឹមត្រូវ ដែលត្រូវបានកសាង និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ពានរង្វាន់នេះ ក៏ជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់យើង ដែលលើសពីប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍ ព្រោះគេទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមក្នុងការកសាងប្រទេសរបស់យើងនៅតាមបណ្តាប្រទេសដែលយើងមានវត្តមាន។”
ពានរង្វាន់នេះ ត្រូវបានគេប្រគល់ជូននៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ស្ថាប័ន Frost & Sullivan ស្តីពីការអនុវត្តល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅសណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។ ពានរង្វាន់នេះ ទទួលស្គាល់ចំពោះក្រុមហ៊ុនដែលឆ្នើម ពូកែទាំងផ្នែកអាជីវកម្ម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងឆ្នាំ២០១៧ ។
លោក Ajay Sunder អនុប្រធានវិទ្យាស្ថាន ICT ប្រចាំនៅស្ថាប័ន Frost & Sullivan បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនអ៊ីដតខូបានបង្ហាញពីភាពជាអ្នកដឹកនាំមិនត្រឹមតែទាក់ទងនឹងការផ្តល់ សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងផ្នែកនៃនិរន្តរភាព និងការច្នៃប្រតិដ្ឋផងដែរ។ ក្នុងរយៈពេលតែមួយឆ្នាំគត់ ពួកគេបានធ្វើអាជីវកម្មដោយជោគជ័យនូវបង្គោលអង់តែនធ្វើពីដើមឫស្សីដំបូងគេដែលត្រូវបានរៀបចំធ្វើនៅឆ្នាំ ២០១៧ ដើម្បីបន្ត និងដាក់ពង្រាយបង្គោលអង់តែនប្រាំបីបន្ថែម ទៀត។ ពានរង្វាន់នេះ ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមការងារ រួមទាំងសកម្មភាពដ៏លេចធ្លោនានារបស់ក្រុមហ៊ុនពេញមួយឆ្នាំ ២០១៧ ។ វាឆ្លុះបញ្ចាំងពីសមិទ្ធផលដ៏អស្ចារ្យពេញមួយឆ្នាំរបស់ពួកគេ ហើយយើងសង្ឃឹមថាពានរង្វាន់នេះនឹងកាន់តែជំរុញពួកគេឱ្យប្រឹងប្រែងបន្តទៀត។ ”
លោក Suresh បានបន្ថែមទៀតថា៖ “នៅឆ្នាំ ២០១៧ អ៊ីដតខូ បានបង្កើនកម្មសិទ្ធិកាន់កាប់ចំនួន 18% និងឈានដល់អត្រាដែលយើងចង់បាន គឺ 1.57x នៃចំនួនអតិថិជនលើបង្គោលអង់តែនដែលមាន ។ ការទិញយកបង្គោលអង់តែន Tanzanite Towers នៅប៉ាគីស្ថានក៏ជាជំហានសំខាន់មួយផងដែរសម្រាប់យើង។ ខ្ញុំសូមប្រគល់ពានរង្វាន់នេះជូនដល់ក្រុមការងារដ៏អស្ចារ្យរបស់យើងនៅ អ៊ីដតខូ ។ វាគឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការផ្តល់នូវលទ្ធផលលំដាប់ពិភពលោក ដែលយើងអាចពង្រឹងវត្តមានរបស់យើងនៅទូទាំងតំបន់ ជាអ្នកបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋយ៉ាងជោគជ័យ និងបន្តកំណត់ស្តង់ដារសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗទៀត នៅជុំវិញពិភពលោក។ ខ្ញុំរំភើបណាស់សម្រាប់រយៈពេលពីរបីខែខាងមុខនេះ ដែលយើងនឹងបន្តជំរុញដំណើរការឱ្យកាន់តែល្អប្រសើរ ស្វែងយល់ពីបច្ចេកវិទ្យា ចែករំលែកបច្ចេកវិទ្យាជំនាន់ក្រោយ និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យអាជីវកម្មកាន់តែទូលំទូលាយ ក្នុងគោលបំណងនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជនរបស់យើង។”
ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារពិតប្រាកដដែលរួមមានកំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផល យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម។
ព័ត៌មានបន្ថែមនានាសូមទាក់ទង៖
Annushia Balavijendran
Group Corporate Communications
Tel: +603 2268 6014
Email: annushia@edotcogroup.com
អំពីក្រុមហ៊ុន edotco Group
ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ ជាង២៧.០០០ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី ភូមា បង់ក្លាដែស កម្ពុជា ស្រីលង្កា និងប៉ាគីស្ថាន ដោយក្នុងនោះបង្គោលអង់តែនជាង១៦.៤៦១ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១០.១០០ ផ្សេងទៀតគ្រប់គ្រងដោយក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គីសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន អ៊ីដតខូ សូមចូលមើលគេហទំព័រ www.edotcogroup.com