អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើច្បាប់មួយ ដែលអាចលើកលែងការពាក់ម៉ាស់ សម្រាប់វាគ្មិននៅក្នុងការប្រជុំណាមួយ

BY
autoadmin
May 17, 2021

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ស្ដីពីការលើកលែងការពាក់ម៉ាស់ក្នុងតុប្រជុំនៅក្នុងសភា ហើយវានឹងមានប្រសិទ្ធភាពភ្លាមៗរហូតដល់មានការជូនដំណឹងបន្ថែម។ ពោលគឺសមាជិកណាម្នាក់ដែលត្រូវឡើងនិយាយថ្លែងការណ៍ (វាគ្មិន) នឹងមិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្តែអ្នកអង្គុយស្ដាប់គឺត្រូវតែពាក់ម៉ាស់ដដែល។ ការប្រកាសនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័រ Royal Gazette ហើយការលើកលែងថ្មីនេះ ក៏អនុវត្តចំពោះការប្រជុំរដ្ឋបាលក្នុងមូលដ្ឋានផងដែរ។

លោកស្រី Apisamai Srirangson មកពីមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថា វាជាការលើកលែងសម្រាប់អ្នកឡើងថ្លែងការណ៍នៅក្នុងអង្គប្រជុំណាមួយប៉ុណ្ណោះ ចំណែកឯច្បាប់ពាក់ម៉ាស់សម្រាបបុគ្គលសាធារណៈគឺនៅតែរក្សាដដែល។ លោកស្រីបាននិយាយថា ការប្រជុំតាមអ៊ិនធឺណេតនៅតែជាជម្រើសល្អជាងគេ ដើម្បីការពារមិនឱ្យមានការចម្លងរាតត្បាតជំងឺ COVID-19 ទៅដល់សមាជិកណាម្នាក់ ហើយលោកស្រីក៏បានបញ្ជាក់ដែរថា វិធានការផ្សេងៗសម្រាប់ទប់ស្កាត់ការឆ្លង នឹងនៅតែត្រូវបានអនុវត្តជាធម្មតា៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: