ក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយសារមិនរាយការណ៍តម្លៃទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ
- BY
- autoadmin
- May 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ការិយាល័យអគ្គមេធាវីរដ្ឋញូវយ៉កបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយ លើក្រុមហ៊ុនរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយបានដាក់ការសង្ស័យថា ក្រុមហ៊ុនរបស់លោក មិនបានរាយការណ៍ពីតម្លៃទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវនោះទេ ដើម្បីទទួលបានអត្ថប្រយោជន៍ពន្ធ។

លោក ដូណាល់ ត្រាំ ដែលបានដឹកនាំចក្រភពជំនួញរបស់លោក រហូតដល់លោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៧ តែងតែបដិសេធយ៉ាងដាច់អហង្ការក្នុងការបង្ហាញប្រាក់ពន្ធរបស់លោក។ ប៉ុន្តែនៅក្នុងខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាមេរិក បានបញ្ជាឱ្យគាត់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុតាមការស្នើសុំរបស់ព្រះរាជអាជ្ញារដ្ឋញូវយ៉ក។ ដូច្នេះឥឡូវនេះក្រុមហ៊ុនរបស់លោក ក៏ដូចជាសម្ព័ន្ធរបស់ក្រុមហ៊ុនហៅថា Trump Organization កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌដោយមេធាវីស្រុក Manhattan ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






