ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងព្យុះស៊ីក្លូនដ៏ធំមួយនៅថ្ងៃពុធនេះ ខណៈដែលពលរដ្ឋជាង ១លាននាក់ កំពុងជម្លៀសចេញពីផ្ទះរបស់ពួកគេ
- BY
- autoadmin
- May 26, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រជាជនឥណ្ឌាជាង ១ លាននាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារព្យុះស៊ីក្លូនដ៏ធំមួយឈ្មោះថា «Yaas» ត្រូវបានគេរំពឹងថា នឹងធ្វើការវាយប្រហារមកលើរដ្ឋចំនួន ២ គឺរដ្ឋ Orissa និង West Bengal នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះផ្ទាល់តែម្ដង។ ជម្រាបដែរថា នេះគឺជាព្យុះទី២ រួចមកហើយ ដែលបានវាយប្រហារមកលើប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍កន្លងមក បន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលបានសម្លាប់មនុស្សជាង ៩០ នាក់។ អ្វីដែលកាន់តែគួរឱ្យបារម្ភគឺថា ប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនៃជំងឺ COVID-19 ខណៈជំងឺកម្រមួយឈ្មោះថា Black fungus ក៏កំពុងវាយប្រហារមកលើអ្នកជំងឺ COVID-19 នៅទីនោះផងដែរ។

នាយកដ្ឋានអាកាសធាតុបាននិយាយថា ព្យុះស៊ីក្លូននេះទំនងនឹងមានល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយស្ទុះឡើងដល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះធ្វើឱ្យមានការបាក់ដី។ ការព្រមានអំពីគ្រោះថ្នាក់កម្រិតខ្ពស់ ត្រូវបានចេញសម្រាប់កំពង់ផែសំខាន់ៗចំនួន ២ ហើយការព្រមានពណ៌ក្រហម ត្រូវបានចេញសម្រាប់ស្រុកជាច្រើននៅទូទាំងរដ្ឋ Orissa ។ ចំណែកឯកម្រិតទឹកសមុទ្រត្រូវបានគេរំពឹងថា នឹងកើនឡើងកម្ពស់ ៣ម៉ែត្រ ហើយអាចជន់លិចតំបន់ទំនាបផងដែរ។ ឥឡូវនេះជម្រកបណ្ដោះអាសន្នជិត ១,២០០ ត្រូវបានគេដំឡើង ដោយមានអនាម័យស្របតាមបទដ្ឋានសុវត្ថិភាពនៃជំងឺ COVID-19 ហើយក្រុមសុខភាពត្រូវបានគេដាក់ពង្រាយនៅទីនោះ ប៉ុន្តែមានការព្រួយបារម្ភថា វានឹងពិបាកក្នុងការរក្សាគម្លាត នៅពេលដែលមនុស្សជាង ១ លាននាក់ ត្រូវបានគេជម្លៀសទៅកាន់ទីជំរកទាំងនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






