ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយស្តីពី «បទឧក្រិដ្ឋចំពោះការស្អប់ខ្ពើម»
- BY
- autoadmin
- May 21, 2021
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយស្តីពី «បទឧក្រិដ្ឋចំពោះការស្អប់ខ្ពើម» មកលើជនជាតិអាមេរិកអាស៊ី បន្ទាប់ពីកន្លងមកមានការវាយប្រហារយ៉ាងសាហាវពីសំណាក់ជនជ្រុលនិយមមួយចំនួន មកទៅលើពលរដ្ឋអាស៊ីរស់នៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺ COVID-19 ។ ដូច្នេះសភារបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់នេះ ក្នុងគោលបំណងប្រឆាំងនឹងការស្អប់ខ្ពើម ដោយផ្អែកលើការរើសអើងជាតិសាសន៍ និងភាពលំអៀង។

នៅក្នុងពិធីចុះហត្ថលេខាមួយកាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន បាននិយាយថា៖«អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជនជាតិអាមេរិកដើមកំណើតអាស៊ី ជនជាតិដើមហាវ៉ៃ អ្នកកោះប៉ាស៊ីហ្វិក សហគមន៍ចម្រុះនានា បានជួយកសាងប្រជាជាតិនេះឡើង តែផ្ទុយទៅវិញពួកគេត្រូវបានមើលរំលង បំភ្លេចចោល និងមិនយកចិត្តទុកដាក់»។ គាត់ក៏បាននិយាយថា៖«ភាពស្ងប់ស្ងាត់ចំពោះរឿងនេះគឺជាការសមគំនិត។ ហើយយើងមិនអាចសមគំនិតជាមួយវាបានទេ យើងត្រូវតែនិយាយវាចេញមក។ យើងត្រូវតែមានសកម្មភាព។»
លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា ច្បាប់នេះនឹងគាំទ្រដល់ការបណ្តុះបណ្តាលដល់មន្ត្រីប៉ូលីសដោយរដ្ឋាភិបាលក្នុងតំបន់។ ប៉ុន្តែក្រុមសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក កំពុងអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងជាងនេះទៀត ដោយនិយាយថា របាយការណ៍នៃសកម្មភាពរើសអើង និងមិនត្រូវបានគេទទួលស្គាល់ថាការស្អប់ខ្ពើម គឺកំពុងមានការកើនឡើងយ៉ាងខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






