អន្តរជាតិ

អ្នកវិទ្យាសាស្ត្របានរកឃើញវីរុសកូរ៉ូណាថ្មីមួយទៀត ដែលចម្លងពីសត្វឆ្កែទៅកាន់មនុស្ស ហើយធ្លាប់មានវត្តមានតាំងតែពីឆ្នាំ២០១៨

BY
autoadmin
May 22, 2021

កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានបង្ហោះពីការរកឃើញ «វីរុសកូរ៉ូណាប្រភេទថ្មី» ដែលមានដើមកំណើតពីសត្វឆ្កែ ហើយពួកគេក៏បានបន្ថែមថា វាអាចនឹងឆ្លងពីសត្វទៅមនុស្សបាន នេះបើតាមសារព័ត៌មាន Daily Mail ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ តាមការបង្ហោះរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានមានវត្តមានតាំងតែពីឆ្នាំ២០១៨ ដោយវាបានចម្លងទៅលើកុមារនៅម៉ាឡេស៊ី ហើយបានធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺ និងរលាកសួតទៀតផង។ វាមិនទាន់ច្បាស់ទេថា តើវីរុសនេះនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដូចជាគ្រួសាររបស់វាគឺ SARS-CoV-2 ដែលជាវីរុសបង្កជំងឺ COVID-19 ឬយ៉ាងណាឡើយ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអះអាងថា ពួកគេមិនរំពឹងថាវាអាចក្លាយទៅជាជំងឺរាតត្បាតនោះទេ។

នៅក្នុងការបង្ហោះទៅកាន់ទិនានុប្បវត្តិ Clinical Infectious Diseases ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឌុក (Duke University) និងសាកលវិទ្យាល័យរដ្ឋអូហៃអូ (Ohio State University) បានដាក់ឈ្មោះវីរុសកូរ៉ូណាថ្មីនេះថា CCoV-HuPn-2018 ហើយវាក៏ទំនងជាវីរុសកូរ៉ូណា ទី៨ រួចមកហើយ ដែលអាចចម្លងពីសត្វមកកាន់មនុស្សបាន។ វីរុស CCoV-HuPn-2018 ត្រូវបានគេជឿជាក់ថា បានចម្លងជាលើកដំបូងមកមនុស្សចេញពីសត្វឆ្កែ ខណៈជំងឺ Sars ត្រូវបានគេជឿថាមកពីសត្វប្រចៀវ ហើយជំងឺ Mers ត្រូវបានចម្លងមកមនុស្សពីសត្វអូដ្ឋ។ ជំងឺទាំងនេះគឺសុទ្ធតែនៅក្នុងគ្រួសារវីរុសកូរ៉ូណាទាំងអស់។

កាលពីឆ្នាំ២០១៨ វីរុសកូរ៉ូណា CCoV-HuPn-2018 បានចម្លងទៅមនុស្សចំនួន ៨នាក់ នៅប្រទេសម៉ាឡេស៊ី ចេញពីការតេស្ដលើសំណាកចំនួន ៣០១ ហើយអ្នកជំងឺ ៧នាក់ ក្នុងចំណោមពួកគេសុទ្ធតែជាកុមារ។ ក្រោយមកទៀតពួកគេទាំងនោះក៏បានជាសះស្បើយ បន្ទាប់ពីមានការព្យាបាលដោយមានអុកស៊ីសែនជំនួយ ប៉ុន្តែមានកុមារម្នាក់បានអភិវឌ្ឍខ្លួនទៅជាជំងឺរលាកសួត ដែលជារោគសញ្ញាមួយស្រដៀងនឹងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ។ ដូច្នេះវាបានបង្ហាញឱ្យឃើញថា សត្វចិញ្ចឹមរបស់យើងអាចជាភ្នាក់ងារចម្លងជំងឺ ហើយគួរតែមានការតាមដានពួកគេឱ្យបានខ្ជាប់ខ្ជួន មុនពេលវាអាចបង្កទៅជាជំងឺរាតត្បាតថ្មីមួយទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: