អង់គ្លេសថា ខ្លួនបានរកឃើញករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីពីប្រទេសថៃចំនួន ១០៩ករណី ប៉ុន្តែអាជ្ញាធរថៃបានជំទាស់ដាច់ខាតជាមួយការហៅឈ្មោះបែបនេះ
- BY
- autoadmin
- May 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសអង់គ្លេសបានរាយការណ៍ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មីមួយ ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសថៃ ក្នុងចំណោមប្រជាជនដែលបានត្រឡប់មកពីប្រទេសអេហ្ស៊ីបទៅប្រទេសថៃ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍របស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ពួកគេបានរកឃើញករណីបំប្លែងខ្លួនថ្មីចំនួន ១០៩ ករណី នៅក្នុងអង់គ្លេសផ្ទាល់ ហើយពួកគេបានដាក់កូដឈ្មោះវាថា «C.36.3» ។ វាត្រូវបានគេហៅថា «ការបំប្លែងខ្លួនមកពីប្រទេសថៃ» ដោយប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេស ហើយការពិពណ៌នាមួយនេះ ត្រូវបានអាជ្ញាធរថៃបដិសេធភ្លាមៗ។

របាយការណ៍ PHE បាននិយាយថា៖« C.36.3 ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសថៃ ចេញពីអ្នកដែលបានធ្វើដំណើរពីប្រទេសអេហ្ស៊ីប»។ វាមិនមានភស្តុតាងណាមួយដែលថា ប្រភេទនេះបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចធន់នឹងវ៉ាក់សាំង ដែលត្រូវបានគេដាក់ឱ្យប្រើនាពេលបច្ចុប្បន្ននេះទេ។ ព័ត៌មានលម្អិតរបស់ C.36.3 នៅតែមិនច្បាស់ ខណៈដែល PHE កំពុងស៊ើបអង្កេត និងធ្វើតេស្តមន្ទីរពិសោធន៍លើប្រភេទមួយនេះ។ ចំណែកឯលោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបាននិយាយថា លោកកំពុងមើលរបាយការណ៍ទាំងអស់នោះ ហើយលោកប្រឆាំងជាដាច់ខាតរាល់ការហៅវាថាជា «ការបំប្លែងខ្លួនមកពីប្រទេសថៃ» ។ លោកបានបន្ថែមថា ករណីនេះមិនមែនមានដំបូងនៅប្រទេសថៃទេ គឺឆ្លងមកពីប្រទេសអេហ្ស៊ីប ដូច្នេះគួរតែហៅវាថា ការបំប្លែងខ្លួនមកពីប្រទេសអេហ្ស៊ីប៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






