អន្តរជាតិ

WHO ប្រកាសឈ្មោះថ្មីសម្រាប់ជំងឺកូវីដ១៩បំប្លែងខ្លួន ដើម្បីធ្វើឱ្យមានភាពសាមញ្ញ និងជៀសវាងការរើសអើង

BY
autoadmin
June 1, 2021

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនូវប្រព័ន្ធដាក់ឈ្មោះថ្មីមួយ សម្រាប់ជំងឺ COVID-19 បំប្លែងខ្លួន ដែលត្រូវបានរកឃើញពីប្រទេសផ្សេងៗគ្នានាពេលកន្លងមក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។ វាមានន័យថា ចាប់ពីពេលនេះតទៅ WHO នឹងប្រើកូដឈ្មោះសម្រាប់ជំងឺ COVID-19 ទាំងនោះ ទៅតាមបែបភាសាក្រិច ដើម្បីធ្វើឱ្យមានភាពសាមញ្ញក្នុងការហៅឈ្មោះ និងជៀសវាងការរើសអើងចំពោះប្រទេសរងគ្រោះទាំងនោះ។

បើតាមការបង្ហោះនៅក្នុងបណ្ដាញ Twitter របស់លោកស្រី Maria Van Kerkhove មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ដែលទទួលបន្ទុកការឆ្លើយតបនឹងមេរោគឆ្លងបាននិយាយថា WHO នឹងហៅការបំប្លែងខ្លួននៅចក្រភពអង់គ្លេសថា «អាល់ហ្វា», ការបំប្លែងខ្លួនអាហ្រ្វិកខាងត្បូងហៅថា «បេតា», ការបំប្លែងខ្លួនរបស់ប្រេស៊ីលហៅថា «ហ្គាម៉ា» និងការបំប្លែងខ្លួនឥណ្ឌាហៅថា «ដែលតា» ។ លោកស្រីក៏បានបញ្ជាក់ដែរថា មិនគួរមានប្រទេសណាមួយដែលមានករណីនៃការបំប្លែងខ្លួន ត្រូវបានទទួលរងការរើសអើងពីអ្នកផ្សេងទៀតនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: