អន្តរជាតិ

ប្រទេសចិនបានប្រកាសគោលនយោបាយថ្មីមួយ ដោយអនុញ្ញាតឱ្យគ្រួសារមួយអាចមានកូនបាន ៣នាក់

BY
autoadmin
June 2, 2021

គណបក្សកុម្មុយនិស្តចិនបានប្រកាសគោលនយោបាយថ្មីមួយសម្រាប់គ្រួសារចិន នៅក្នុងកិច្ចប្រជុំនយោបាយមួយកាលពីថ្ងៃច័ន្ទ ដែលនឹងអនុញ្ញាតឱ្យគូស្វាមីភរិយាដែលរៀបការរួច អាចមានកូនរហូតដល់ទៅ ៣នាក់ ជំនួសឱ្យគោលនយោបាយមុនដែលមានចំនួន ២ នាក់។ ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ថា ការផ្លាស់ប្តូរគោលនយោបាយថ្មីនេះនឹងភ្ជាប់មកជាមួយ «វិធានការណ៍គាំទ្រដែលនឹងជួយដល់ការកែលម្អរចនាសម្ព័ន្ធប្រជាជនរបស់ប្រទេសចិន» ប៉ុន្តែមិនទាន់មានកាលវិភាគជាក់លាក់ណាមួយត្រូវបានបង្ហាញនោះទេ។

ជម្រាបដែរថា ប្រទេសចិនបានអនុវត្តគោលនយោបាយកូនតែម្នាក់ អស់រយៈពេលជាង  ៣ ទសវត្សរ៍ ដើម្បីទប់ស្កាត់កំណើនប្រជាជនយ៉ាងឆាប់រហ័ស ប៉ុន្តែបានដាក់ចេញនូវគោលនយោបាយកូន ២នាក់ នៅក្នុងឆ្នាំ២០១៦ ខណៈពេលដែលប្រទេសនេះកំពុងប្រឈមនឹងកម្លាំងពលកម្មធ្លាក់ចុះ ហើយសង្គមទាំងមូលកាន់តែមានមនុស្សចាស់ច្រើនឡើងៗ។ ប៉ុន្តែការបន្ធូរបន្ថយគោលនយោបាយកូនតែមួយមុខ មិនអាចទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនោះទេ ដោយសារតែបន្ទុកសេដ្ឋកិច្ចក្នុងការចិញ្ចឹមកូន និងការផ្លាស់ប្តូរគុណតម្លៃនៅក្នុងសង្គមរបស់ប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: