អន្តរជាតិ

ប្រទេសចិនបានរកឃើញករណីជំងឺផ្តាសាយបក្សី H10N3 ដែលកើតមកលើមនុស្សជាលើកដំបូងបង្អស់

BY
autoadmin
June 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី H10N3 ដែលឆ្លងមកលើមនុស្សជាលើកដំបូងបំផុត។ ករណីនោះបានកើតលើបុរសអាយុ ៤១ ឆ្នាំម្នាក់ ដែលរស់នៅក្រុង Zhenjiang ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន ខណៈមូលហេតុនៃការឆ្លងបែបណា នៅមិនទាន់មានការអះអាងច្បាស់លាស់នោះទេ។ ជំងឺនេះមិនវាយប្រហារខ្លាំងនោះទេ ឬអាចនិយាយបានថា វាឆ្លងក្នុងករណីស្រាលប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលក៏នៅមិនទាន់រកឃើញមានអ្នកឆ្លងផ្សេងទៀតដែរ។

បុរសវ័យកណ្ដាលម្នាក់នោះបានឆ្លងជំងឺផ្ដាសាយបក្សី H10N3 និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ គាត់មានរោគសញ្ញាដូចជា៖ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀត មុនពេលដែលគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ វាគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសចិន ដែល H10N3 អាចឆ្លងមកលើមនុស្សបាន។ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរបាននិយាយថា ហានិភ័យនៃការចម្លងទៅមនុស្សផ្សេងទៀតគឺមានទាបនៅឡើយទេ។

ជំងឺផ្តាសាយបក្សីជាច្រើនប្រភេទមានវត្តមាននៅក្នុងប្រទេសចិន ហើយអ្នកដែលធ្វើការជាមួយបក្សីច្រើនតែឆ្លងយូរៗម្ដង។ ប្រទេសចិនក៏មិនធ្លាប់មានករណីជំងឺផ្តាសាយបក្សីមកលើមនុស្ស ដែលគួរឱ្យកត់សម្គាល់នោះទេ ចាប់តាំងពី H7N9 ដែលបានសម្លាប់មនុស្សប្រហែល ៣០០ នាក់ ក្នុងអំឡុងឆ្នាំ ២០១៦-២០១៧ ។ ប្រទេសចិនក៏បានបញ្ជាក់ដែរថា មិនមានករណីផ្សេងទៀតទាក់ទងនឹង H10N3 ដែលឆ្លងមកលើមនុស្ស ត្រូវបានពិភពលោករាយការណ៍ពីមុនមកនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: