អន្តរជាតិ

ប្រទេសឥណ្ឌារកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៣៤,១៥៤ ករណី និងមរណភាពចំនួន ២,៨៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

BY
autoadmin
June 3, 2021

ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣៤,១៥៤ ករណី ខណៈពេលដែលការស្លាប់មានចំនួន ២,៨៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាមកហើយ ដែលប្រទេសឥណ្ឌាមានករណីឆ្លងថ្មីក្រោម ២០០,០០០ ករណី ហើយចំនួនសរុបនៃជំងឺ COVID-19 របស់ខ្លួនពេលនេះ មានចំនួន ២៨.៤ លាននាក់ និងអ្នកស្លាប់សរុបមានចំនួន ៣៣៧,៩៨៩ នាក់។

កាលពីថ្ងៃទី០១ ខែមិថុនា ប្រទេសឥណ្ឌាបានរាយការណ៍ករណីចំនួន ១២៧,៥១០ ករណី ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី៨ ខែមេសា។ ទីក្រុងធំៗភាគច្រើននៅតែប្រយុទ្ធប្រឆាំងនឹងរលកទី២ របស់ពួកគេ បើទោះបីជាទីក្រុង Mumbai និង Delhi បានគ្រប់គ្រងស្ថានការណ៍នៃការកើនឡើងក៏ដោយ។ ឥឡូវនេះប្រទេសឥណ្ឌាបានមើលឃើញពីការថយចុះករណីថ្មីៗ ពោលគឺក្រោយប្រយុទ្ធជាមួយការផ្ទុះឡើងចុងក្រោយ អស់ជាច្រើនសប្ដាហ៍កន្លងមក ប្រទេសឥណ្ឌាមានករណីក្រោម ៣០០,០០០ ករណីជាប្រចាំ ហើយរយៈពេល ៣ ថ្ងៃចុងក្រោយនេះ គឺមានករណីក្រោម ២០០,០០០ ករណីប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: