វៀតណាមកំពុងចរចាជាមួយក្រុមហ៊ុនអាមេរិក Johnson & Johnson សម្រាប់ការនាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកផលិតលើទឹកដីរបស់ខ្លួន
- BY
- autoadmin
- June 4, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមកំពុងចរចាជាមួយក្រុមហ៊ុនអាមេរិក Johnson & Johnson លើការនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន ខណៈភាគីវៀតណាមក៏សង្ឃឹមថា ពួកគេអាចសហការគ្នាក្នុងការចម្រាញ់ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ដើម្បីអាចឱ្យប្រទេសវៀតណាមសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសខ្លួនបាន។ វាក៏ស្របទៅនឹងការពិតដែលថា វៀតណាមចង់ចូលរួមក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការផ្គត់ផ្គស់ដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

តំណាងរបស់ Johnson & Johnson បាននិយាយថា ក្រុមហ៊ុនបានចូលរួមក្នុងកម្មវិធី COVAX ខណៈបានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០០ លានដូស រហូតដល់ដំណាច់ឆ្នាំនេះ។ តំណាងរូបនេះបានបន្ថែមទៀតថា ក្រុមហ៊ុននឹងខិតខំពន្លឿនវឌ្ឍនភាពលើការចែកចាយវ៉ាក់សាំង តាមរយៈ COVAX ដូច្នេះប្រទេសវៀតណាមអាចទទួលបាននូវវ៉ាក់សាំងយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន Johnson & Johnson មានផែនការសម្រាប់សំណើរបស់ភាគីវៀតណាម ហើយបាននិយាយថា ខ្លួននឹងពិចារណាលទ្ធភាពនៃការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់ខ្លួនមកកាន់ប្រទេសវៀតណាម។ គួរឱ្យដឹងដែរថា វ៉ាក់សាំងរបស់ Johnson & Johnson គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់ ដែលត្រូវការចាក់តែមួយលើកប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






