អន្តរជាតិ

ប្រទេសចិនបានអនុម័តការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ Sinovac Biotech ចំពោះកុមារអាយុចាប់ពី ៣ ឆ្នាំឡើងទៅ

BY
autoadmin
June 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Yin Weidong នាយកក្រុមហ៊ុនឱសថចិន Sinovac Biotech បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិនបានអនុម័តការប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Sinovac Biotech ចំពោះមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។

លោក Yin Weidong បានប្រាប់ទូរទស្សន៍រដ្ឋនៅក្នុងបទសម្ភាសន៍ផ្ទាល់មួយថា វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ជូនដល់ក្រុមមនុស្សវ័យក្មេង អាស្រ័យលើការបង្កើតយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជាតិរបស់អាជ្ញាធរសុខាភិបាល។ លោកបានបន្ថែមថា កន្លងមកក្មេងមានអាទិភាពទាបក្នុងការទទួយកលវ៉ាក់សាំង បើធៀបនឹងមនុស្សវ័យចំណាស់ ដោយសារមនុស្សវ័យចំណាស់ប្រឈមនឹងហានិភ័យខ្ពស់ជាមួយរោគសញ្ញាធ្ងន់ធ្ងរ។

ចំពោះលទ្ធផលបឋមនៃការសាកល្បងគ្លីនិកដំណាក់កាលទី១ និងទី ២ របស់វ៉ាក់សាំង Sinovac គឺបានបង្ហាញឱ្យឃើញថា វ៉ាក់សាំងនេះអាចធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកចូលរួមអាយុពី ៣ ទៅ ១៧ឆ្នាំ ហើយអ្នកដែលទទួលរងប្រតិកម្មពីវ៉ាក់សាំង ភាគច្រើនគឺមានស្ថានភាពស្រាលប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: