អន្តរជាតិ

សហរដ្ឋអាមេរិក៖ ជំងឺកូវីដ១៩ ទំនងជាបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុង Wuhan ពិតមែន ហើយគួរតែមានការស៊ើបអង្កេតបន្ថែមទៀត

BY
autoadmin
June 8, 2021

យោងតាមរបាយការណ៍នៃមន្ទីរពិសោធន៍ជាតិរបស់រដ្ឋាភិបាលអាមេរិក តាមរយៈកាសែត The Wall Street Journal បាននិយាយកាលពីថ្ងៃច័ន្ទថា ការសង្ស័យដែលថា វីរុសកូរ៉ូណា (ជំងឺ COVID-19) បានបែកចេញពីមន្ទីរពិសោធន៍នៅក្រុង Wuhan របស់ប្រទេសចិន គឺជារឿងមួយអាចទុកចិត្តបាន ហើយសមនឹងទទួលបានការស៊ើបអង្កេតបន្ថែមទៀត។ កាសែត WSJ បាននិយាយថា របាយការណ៍នោះត្រូវបានរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកត្រូវបានបញ្ជូនដោយក្រសួងការបរទេស នៅពេលពួកគេធ្វើការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺរាតត្បាត COVID-19 អំឡុងពេលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឡើយ។

វាបានបន្ថែមថា ការសិក្សាស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិ Lawrence Livermore បានធ្វើទៅលើការវិភាគហ្សែនរបស់ជំងឺ COVID-19 ប៉ុន្តែយ៉ាងណា Lawrence Livermore បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់កាសែត Wall Street Journal នោះទេ ខណៈដែលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន បានទាមទារឱ្យមានចម្លើយចំពោះប្រភពនៃជំងឺនេះ។ ពោលគឺលោក បៃដិន ចង់រកឱ្យឃើញថា តើជំងឺ COVID-19 បានឆ្លងមកមនុស្សដំបូងពីសត្វ ឬក៏ចេញពីមន្ទីរពិសោធន៍។

រំលឹកដែរថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកពីមុន ដែលត្រូវបានគេចែកចាយក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់ថា អ្នកស្រាវជ្រាវ ៣នាក់ នៅវិទ្យាស្ថានវិសាណូសាស្ដ្រ Wuhan របស់ប្រទេសចិន ធ្លាប់បានធ្លាក់ខ្លួនឈឺខ្លាំងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតធ្វើឱ្យពួកគេត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ។ អំឡុងពេលនោះមន្រ្តីសហរដ្ឋអាមេរិកជាច្រើនបានចោទប្រកាន់ប្រទេសចិនថា មិនមានតម្លាភាពអំពីប្រភពដើមនៃវីរុសនេះទេ ប៉ុន្តែការចោទប្រកាន់ទាំងនោះ ក្រោយមកទៀតត្រូវបានទីក្រុងប៉េកាំងបដិសេធ។

ដោយឡែកលោក Mike Ryan មន្ត្រីកំពូលរបស់អង្គការសុខភាពពិភពលោក ក៏បាននិយាយកាលពីថ្ងៃច័ន្ទថា WHO មិនអាចបង្ខំឱ្យប្រទេសចិនផ្សព្វផ្សាយទិន្នន័យបន្ថែមទៀត លើប្រភពដើមរបស់ជំងឺ COVID-19 បានទេ ខណៈ WHO បានត្រឹមតែនិយាយថា ពួកគេនឹងសិក្សាលើជំហានបន្ទាប់នៅពេលផ្ទុះឡើងរបស់ជំងឺ COVID-19 ប៉ុណ្ណោះ។ ចំណែកឯអ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិកគឺលោកបណ្ឌិត Anthony Fauci កាលពីដើមខែនេះ ក៏បានអំពាវនាវដល់ប្រទេសចិនឱ្យចេញនូវកំណត់ត្រាវេជ្ជសាស្រ្តរបស់មនុស្សចំនួន ៩នាក់ ដែលមានជំងឺនៅអំឡុងពេលផ្ទុះឡើងដំបូង ព្រោះវាអាចផ្តល់ជាតម្រុយសំខាន់ៗថា តើជំងឺ COVID-19 បានលេចចេញពីមន្ទីរពិសោធន៍ ពិតមែនឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Wall Street Journal

Share This Post: