អន្តរជាតិ

ក្រុមមេដឹកនាំ G7 នឹងប្រកាសពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងតិចណាស់ ១ ពាន់លានដូស ទៅដល់ពិភពលោកទាំងមូល

BY
autoadmin
June 11, 2021

ប្រទេសអង់គ្លេសបាននិយាយថា ក្រុមមេដឹកនាំ G7 ទំនងជានឹងយល់ព្រមផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចណាស់ ១ ពាន់លានដូស ទៅដល់ពិភពលោកទាំងមូល ដែលវាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ ជម្រាបផងដែរថា កិច្ចប្រជុំកំពូល G7 នេះផ្ទាល់ គឺទើបតែបានប្រារព្ធជាលើកដំបូងក្នុងរយៈពេលប្រហែល ២ ឆ្នាំ ដោយសារតែការរំខានរបស់ជំងឺ COVID-19 ហើយវានឹងចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) នៅតំបន់ Cornwall ភាគនិរតីប្រទេសអង់គ្លេស។ សម្រាប់ប្រធានបទក្នុងកិច្ចប្រជុំកំពូលនេះ គឺវិធីចែកចាយវ៉ាក់សាំងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនៅទូទាំងពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង់គ្លេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះបាននិយាយថា មេដឹកនាំ G7 ត្រូវបានគេរំពឹងថា នឹងប្រកាសពីការផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ពាន់លានដូស ដើម្បីបញ្ចប់ការរាតត្បាតនៅឆ្នាំ២០២២។ នៅមុនពេលឈានដល់កិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានបង្ហាញពីចេតនាអំពាវនាវដល់មេដឹកនាំផ្សេងទៀត ឱ្យពិភពលោកទាំងមូលបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅចុងឆ្នាំក្រោយ។ លោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងបរិច្ចាគយ៉ាងហោចណាស់ ១០០ លានដូស ខណៈសហរដ្ឋអាមេរិកក៏បានសន្យាផ្តល់ ៥០០ លានដូស វ៉ាក់សាំងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: