អន្តរជាតិ

នៅចាំលោកតាដែលមានប្រពន្ធ៣៨នាក់ កូន៨៩នាក់ និងចៅ៣៦នាក់ទេ? ពេលនេះលោកតាបានទទួលមរណភាពហើយ

BY
autoadmin
June 14, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោកតាអាយុ ៧៦ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថាជាមេគ្រួសារធំជាងគេបំផុតលើពិភពលោក បានស្លាប់ដោយសារជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម នៅភូមិ Baktawng ក្នុងរដ្ឋ Mizoram របស់ប្រទេសឥណ្ឌា។ លោកតាមានឈ្មោះថា Ziona Chana បានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានបន្សល់ទុកភរិយាចំនួន ៣៨នាក់ កូនចំនួន ៨៩នាក់ និងចៅទាំងអស់ ៣៦នាក់។ ដំណឹងដ៏សោកសៅនេះក៏ត្រូវបានបញ្ជាក់ពីលោក Zoramthanga ដែលជាប្រធានរបស់រដ្ឋ Mizoram ផ្ទាល់ផងដែរ។

ក្រុមគ្រូពេទ្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន PTI ថាស្ថានភាពរបស់លោកតា Chana កាន់តែយ៉ាប់យ៉ឺន ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅល្ងាចថ្ងៃអាទិត្យ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់បានស្លាប់នៅពេលមកដល់។ យ៉ាងណាមិញវាពិបាកក្នុងការនិយាយថា តើលោកតា Chana ពិតជាមេគ្រួសារធំបំផុតលើពិភពលោកឬទេ ព្រោះមានអ្នកផ្សេងទៀតអះអាងថាពួកគេគ្រប់គ្រងតំណែងនេះ តែគ្មានព័ត៌មានលម្អិតសម្រាប់ការអះអាងនោះទេ។

វាក៏ពិបាកក្នុងការប៉ាន់ប្រមាណទំហំពិតប្រាកដនៃគ្រួសាររបស់លោកតា Chana ផងដែរ ដោយសារថាមានប្រភពខ្លះនិយាយថា គាត់មានប្រពន្ធ ៣៩នាក់ កូន ៩៤នាក់ ចៅ ៣៣នាក់ និងចៅទួតម្នាក់ ដែលធ្វើឱ្យគ្រួសាររបស់គាត់មានសមាជិកដល់ទៅ ១៨១នាក់។ លោកតា Chana ត្រូវបានប្រភពព័ត៌មានជាច្រើននិយាយថា ជាម្ចាស់កំណត់ត្រាពិភពលោកក្នុងនាមជាមេគ្រួសារធំបំផុត ប៉ុន្តែវាមិនច្បាស់ទេថាដោយស្ថាប័នមួយណា ដឹងត្រឹមថាគាត់ធ្លាប់បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ Ripley’s Believe it or Not ទៀតផង៕

ផ្ទះរបស់គ្រួសារលោកតា Chana

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: