អន្តរជាតិ

ទីក្រុងដ៏ធំមួយរបស់វៀតណាម សម្រេចដាក់វិធានតឹងរឹង២ សប្ដាហ៍បន្ថែមទៀត ដោយសារស្ថានភាពជំងឺកូវីដ១៩ មិនទាន់ប្រសើរឡើង

BY
autoadmin
June 14, 2021

វៀតណាម៖ ទីក្រុងហូជីមិញបានសម្រេចពង្រីករយៈពេលនៃការដាក់វិធានការរក្សាគម្លាតចំនួន ២សប្ដាហ៍​ ដោយសារស្ថានភាពជំងឺរាតត្បាតសម្រាប់ទីក្រុង គឺនៅមានភាពស្មុគស្មាញនៅឡើយ ព្រោះតែមួយរយៈចុងក្រោយនេះមានការកើនឡើងនូវករណីថ្មីៗជាបន្ដបន្ទាប់។ ប្រធានទីក្រុងលោក Nguyen Thanh Phong បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃច័ន្ទថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែមិថុនា ទីក្រុងនឹងត្រូវអនុវត្តវិធានការរក្សាគម្លាតសង្គម ក្រោមបទបញ្ជាលេខ១៥ របស់នាយករដ្ឋមន្រ្តី។ ដូច្នេះមានន័យថា ការជួបជុំ ឬប្រមូលផ្ដុំគ្នាចាប់ពី ២០នាក់ ក្នុងបន្ទប់តែមួយត្រូវបានហាមឃាត់។

មិនតែប៉ុណ្ណោះការជួបជុំមនុស្សជាង ១០នាក់ នៅខាងក្រៅអគារការិយាល័យ សាលារៀន និងមន្ទីរពេទ្យ ក៏មិនត្រូវបានអនុញ្ញាតនោះឡើយ។ ប្រជាជនគួរតែរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ ២ ម៉ែត្រ នៅតាមទីសាធារណៈ ខណៈអាជីវកម្ម និងសេវាកម្មដែលមិនចាំបាច់នឹងនៅបិទដដែល។ ពលរដ្ឋទាំងអស់ជាពិសេសអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ អាចចេញទៅខាងក្រៅបានតែពេលចាំបាច់ប៉ុណ្ណោះ ហើយការធ្វើដំណើរពីតំបន់ដែលមានករណីឆ្លងជំងឺ COVID-19 ទៅតំបន់ផ្សេងទៀតត្រូវបានដាក់កម្រិត៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: