អន្តរជាតិ

ប្រទេសបារាំងបានលុបចោលច្បាប់ស្តីពីការពាក់ម៉ាស់នៅខាងក្រៅ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរជាងមុន

BY
autoadmin
June 17, 2021

ប្រទេសបារាំងបានលុបចោលច្បាប់ស្តីពីការពាក់ម៉ាស់នៅខាងក្រៅ ហើយនឹងបញ្ចប់បម្រាមគោចរនៅពេលយប់មុនពេលកំណត់ ដោយបានលើកឡើងពីភាពប្រសើរឡើងនៃស្ថានភាពនៃជំងឺ COVID-19 របស់ប្រទេសខ្លួន។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ករណីថ្មីៗប្រចាំថ្ងៃបានធ្លាក់ចុះដល់ត្រឹម ៣,០០០ នាក់ ហើយស្ថានការណ៍កំពុងតែប្រសើរឡើងលឿនជាងការរំពឹងទុក ខណៈករណីអាចរក្សាឱ្យនៅក្រោម ៥,០០០ បាន។

លោក Castex បានប្រកាសថា ការពាក់ម៉ាសនៅខាងក្រៅ ដែលត្រូវបានដាក់ចាប់តាំងពីខែសីហាឆ្នាំមុន នឹងមិនចាំបាច់ធ្វើតាមទៀតទេចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការពាក់ម៉ាស់នឹងនៅតែចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់ ដូចជាកីឡដ្ឋាន និងកន្លែងដែលមានមនុស្សច្រើន។ លោក Castex ក៏បាននិយាយផងដែរថា បំរាមគោចរនៅម៉ោង ១១ យប់ នឹងត្រូវលុបចេញនៅថ្ងៃអាទិត្យ ពោលគឺ ១០ថ្ងៃ មុនថ្ងៃកំណត់។

លោកបានបន្ថែមទៀតថា វិធានការណ៍ដាច់ដោយឡែកពីគ្នានឹងត្រូវបានរឹតបន្តឹងនៅអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដើម្បីទប់ស្កាត់ជំងឺ COVID-19 បំប្លែងខ្លួនមកពីឥណ្ឌា (Delta) ដែលឥឡូវនេះកំពុងចម្លងនៅចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត។ លោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ជូនប្រជាជនបារាំងឱ្យបាន ៦០% ឬ ៤០ លាននាក់ នៅចុងខែសីហានេះ ហើយគ្រោងចង់ឱ្យពលរដ្ឋ ៣៥ លាននាក់ បានចាក់វ៉ាក់សាំងទាំង ២លើក នៅស្របពេលដំណើរគ្នានោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: