អន្តរជាតិ

ការសិក្សារបស់ជប៉ុនបានបង្ហាញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពជាមួយជំងឺកូវីដ១៩ បំប្លែងខ្លួនមកពីប្រេស៊ីល ឬហៅថាវ៉ារ្យ៉ង់ហ្គាម៉ា

BY
autoadmin
June 19, 2021

យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលដឹកនាំដោយលោក Kawaoka Yoshihiro សាស្រ្តាចារ្យស្រាវជ្រាវផ្នែកមេរោគ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer អាចទប់ស្កាត់ជំងឺ COVID-19 បំប្លែងខ្លួនមកពីប្រទេសប្រេស៊ីល ឬហៅថាវ៉ារ្យ៉ង់ហ្គាម៉ា (Gamma) ហើយការរកឃើញនេះក៏ត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Proceedings of the National Academy of Sciences របស់អាមេរិកផងដែរ។

ក្រុមអ្នកស្រាវជ្រាវបានដាក់ឱ្យសត្វកណ្ដុរដែលបានទទួលវ៉ាក់សាំង Pfizer ប៉ះពាល់ទៅនឹងជំងឺ COVID-19 ប្រភេទហ្គាម៉ា ហើយពួកគេបានរកឃើញថា សត្វកណ្ដុរដែលមានប្រវត្តិធ្លាប់ឆ្លងជំងឺ COVID-19 (វីរុសដើម) មានដានជំងឺប្រភេទនេះនៅលើច្រមុះរបស់ពួកវានៅ ៣ ថ្ងៃក្រោយមក ប៉ុន្តែមិនមានដាននៃជំងឺនៅថ្ងៃទី ៦ នោះទេ ខណៈសត្វកណ្ដុរដែលមិនមានប្រវត្តិនៃឆ្លងជំងឺនេះពីមុន បានបង្ហាញពីវត្តមានរបស់ជំងឺរហូតដល់ថ្ងៃទី ៦ ។ យ៉ាងណាក៏ដោយ សារព័ត៌មាន NHK មិនបានបញ្ជាក់លម្អិតអំពីការសិក្សារបស់ពួកគេនោះទេ។

ក្រុមនេះបានបញ្ជាក់ផងដែរថា មនុស្សដែលបានទទួលវ៉ាក់សាំង Pfizer មានផ្ទុកនូវអង្គទីករ ដែលមានប្រសិទ្ធភាពស្ទើរតែអាចប្រឆាំងនឹងថាវ៉ារ្យ៉ង់ហ្គាម៉ាដូចនឹងវីរុសប្រភេទដើម ហើយការរកឃើញនេះបានផ្តល់នូវព័ត៌មានសំខាន់ៗ សម្រាប់ការវាយតម្លៃហានិភ័យរបស់ការបំប្លែងខ្លួនមួយនេះ។ លោកសាស្រ្តាចារ្យ Kawaoka ក៏បាននិយាយដែរថា ទោះបីជាក្រុមខ្លួនបានរកឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពប្រឆាំងនឹងវាក៏ដោយ ក៏ប្រជាជនគួរតែបន្ដអនុវត្តតាមវិធានការប្រឆាំងនឹងការឆ្លងជាមូលដ្ឋានដើម្បីការពារខ្លួនជានិច្ច៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: