អន្តរជាតិ

សហរដ្ឋអាមេរិកចាយលុយជាង ៣ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍ និងផលិតថ្នាំគ្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩

BY
autoadmin
June 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងវិនិយោគទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍ និងផលិតថ្នាំគ្រាប់ប្រឆាំងនឹងជំងឺ COVID-19 ។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាល និងសេវាប្រជាជន (HHS) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ផែនការនេះមានឈ្មោះថា «កម្មវិធីឱសថប្រឆាំងនឹងរោគរាតត្បាត» ដែលនឹងឆ្លើយតបទៅនឹងបញ្ហាជំងឺ COVID-19 និងបង្កើនជម្រើសក្នុងការព្យាបាលជំងឺ ក៏ដូចជាការបង្ការមិនឱ្យឈឺធ្ងន់ធ្ងរ និងអាចរក្សាជីវិតរបស់ពលរដ្ឋដទៃទៀត។

ក្រសួងសុខាភិបាលនិយាយថា វាក៏នឹងបង្កើតវេទិកាប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍថ្នាំសម្រាប់មេរោគ ដែលមានសក្តានុពលក្លាយជារោគរាតត្បាតដទៃទៀតផងដែរ។

កញ្ចប់គម្រោងនេះផ្តល់ថវិកាជាង ៣០០ លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងការគាំទ្រដល់មន្ទីរពិសោធន៍, ទឹកប្រាក់ជិត ១ ពាន់លានដុល្លារ សម្រាប់ការវាយតម្លៃមុននិងក្រោយការធ្វើតេស្ដគ្លីនិក និងទឹកប្រាក់ជិត ៧០០ លានដុល្លារ សម្រាប់ការអភិវឌ្ឍនិងការផលិត តាមរយៈវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិក។ HHS បានបន្ថែមថា នៅពេលយើងមានថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល ហើយពលរដ្ឋអាចយកថ្នាំនេះទៅលេបនៅផ្ទះពេលមានការឆ្លងដំបូងៗ វានឹងជួយសង្គ្រោះអាយុជីវិតពួកគេ និងការពារអត្រាចូលមន្ទីរពេទ្យផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: