សូមចូលរួមសោកស្ដាយ អតីតប្រធានាធិបតីហ្វីលីពីនលោក បេនីញ៉ូ អាគីណូ បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ
- BY
- autoadmin
- June 24, 2021
អតីតប្រធានាធិបតីហ្វីលីពីនលោក បេនីញ៉ូ អាគីណូ (Benigno Aquino) ដែលបានដឹកនាំកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ហ្វីលីពីន ក្នុងឆ្នាំ២០១០ បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ នៅក្នុងមន្ទីរពេទ្យទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោកជាកូនប្រុសរបស់អតីតប្រធានាធិបតី Corazon Aquino ដែលបានដឹកនាំចលនា «អំណាចប្រជាជន» និងបានផ្តួលរបបរបស់លោក Ferdinand Marcos ក្នុងឆ្នាំ១៩៨៦។

លោក បេនីញ៉ូ អាគីណូ បានចូលប្រឡូកក្នុងឆាកនយោបាយនៅអាយុ ៣៨ឆ្នាំ ហើយបន្ទាប់ពីបានបម្រើការនៅក្នុងសភា និងព្រឹទ្ធសភា លោកបានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦។ គាត់ត្រូវបានគេស្គាល់ដោយសារការគ្រប់គ្រងប្រកបដោយស្ថេរភាព លើរដ្ឋាភិបាលមិនដូចអ្នកកាន់តំណែងមុនៗ ដែលសុទ្ធតែមានបញ្ហារឿងអាស្រូវពុករលួយ ឬរងការវាយប្រហារ ដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានោះទេ។
លោក បេនីញ៉ូ អាគីណូ ក៏បាននាំប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីឆ្នាំ២០១៣ ជុំវិញជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ ៣ឆ្នាំក្រោយមក តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេបានច្រានចោលការអះអាងរបស់ចិន ចំពោះសមុទ្រចិនខាងត្បូងជាច្រើនករណី។ គួរឱ្យដឹងដែរថា លោក អាគីណូ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសុខភាពរបស់គាត់ចុះខ្សោយ ហើយមូលហេតុនៃការស្លាប់របស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






