អង្គការសុខភាពពិភពលោករៀបចំបង្កើតកន្លែងបណ្តុះបណ្តាល អំពីរបៀបផលិតវ៉ាក់សាំងតាមបច្ចេកវិទ្យា mRNA នៅអាហ្រ្វិកខាងត្បូង
- BY
- autoadmin
- June 22, 2021
អង្គការសុខភាពពិភពលោកកំពុងរៀបចំបង្កើតកន្លែងមួយនៅអាហ្រ្វិកខាងត្បូង ដែលអ្នកផលិតមកពីប្រទេសដែលមានប្រាក់ចំណូលទាប អាចទទួលបានការបណ្តុះបណ្តាលអំពីរបៀបផលិតវ៉ាក់សាំងការពារជំងឺ COVID-19 តាមបច្ចេកវិទ្យា mRNA ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានធ្វើសេចក្តីប្រកាសអំពីការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យានេះ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃច័ន្ទ ដោយពន្យល់ថា mRNA គឺជាមូលដ្ឋានសម្រាប់វ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងហោចណាស់ ២ប្រភេទ ។
![]()
លោកបានមានប្រសាសន៍ថា ឥឡូវនេះអង្គការសុខភាពពិភពលោកកំពុងចរចាជាមួយក្រុមហ៊ុនវ៉ាក់សាំងជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់បច្ចេកវិទ្យា mRNA របស់ពួកគេដល់មជ្ឈមណ្ឌលនេះ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថានេះនឹងជាពេលវេលាដ៏សំខាន់មួយ សម្រាប់ការបង្កើនសមត្ថភាពផលិតនៅទ្វីបអាហ្វ្រិកលើវ៉ាក់សាំងបង្ការជំងឺ COVID-19»។ ស្ថាប័នពិភពលោកមួយនេះក៏បានប្រកាសដែរថា ទ្វីបអាហ្វ្រិកកំពុងស្ថិតក្នុងរលកទី៣ ហើយករណីឆ្លងជំងឺ COVID-19 កំពុងកើនឡើង ប៉ុន្តែមានតែប្រជាជនតិចជាង ១% ប៉ុណ្ណោះ ដែលបានទទួលថ្នាំបង្ការពេញលេញ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






