ប្រធានាធិបតីហ្វីលីពីនព្រមានពលរដ្ឋខ្លួនថា បើនរណាមិនព្រមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ
- BY
- autoadmin
- June 22, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានគម្រាមពលរដ្ឋរបស់លោកថា លោកនឹងចាប់អ្នកដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដាក់ពន្ធនាគារ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៅតំបន់អាស៊ី។ ជម្រាបជូនដែរថា ហ្វីលីពីនមានករណីជំងឺ COVID-19 ច្រើនជាង ១.៣ លានករណី ហើយមានមនុស្សជាង ២៣,០០០ នាក់ បានស្លាប់ដោយសារជំងឺនេះ។

លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទ ទី២១ ខែមិថុនា នេះថា៖«អ្នកត្រូវជ្រើសរើសយកការចាក់វ៉ាក់សាំង ឬមិនដូច្នោះខ្ញុំនឹងឱ្យអ្នកជាប់ពន្ធនាគារ»។ លោកបាននិយាយថា៖ «កុំគិតខុសលើខ្ញុំ។ ព្រោះប្រទេសនេះកំពុងមានវិបត្តិ។» ដោយបន្ថែមថា «ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីន ដែលមិនស្ដាប់តាមរដ្ឋាភិបាល»។ យ៉ាងណាក៏ដោយ សម្ដីរបស់លោកហាក់ដូចជាមិនត្រឹមត្រូវតាមគោលការណ៍នៃការចាក់វ៉ាក់សាំងបង្ការ ដែលតម្រូវឱ្យមានការចាក់ចំពោះអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញលើប្រជាជនចំនួន ២.១ លាននាក់ ដែលនេះជាការរីកចម្រើនយឺតៗឆ្ពោះទៅរកគោលដៅរបស់រដ្ឋាភិបាល ដែលពួកគេមានបំណងចាក់វ៉ាក់សាំងដល់ពលរដ្ឋរហូតដល់ ៧០ លាននាក់ ក្នុងឆ្នាំនេះ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១១០ លាននាក់មួយនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






