ផ្លូវជាតិលេខ៣ទោះពិនិត្យឃើញថាសាងសង់តាមបច្ចេកទេសក៏ដោយ តែត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល១ ឆ្នាំសិន បើគ្មានបញ្ហាទើបទទួលយកបាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៣ ទោះពិនិត្យឃើញថា ការសាងសង់ត្រូវតាមបច្ចេកទេសត្រឹមត្រូវក៏ដោយ តែត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល១ឆ្នាំសិន បើគ្មានបញ្ហាទើបស៊ីញ៉េទទួលយក ខណៈដែលគិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ គឺមានគុណភាពល្អ និងធ្វើរួច រាល់លឿនផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ គិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ ដែលបានបញ្ចប់មុនផែនការរហូតដល់ទៅមួយឆ្នាំ ដោយគម្រោងគឺនឹងបញ្ចប់នៅឆ្នាំ២០២២ឯណោះ។
ឯកឧត្តមបានបន្តថា នៅពេលដែលការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ ចប់សព្វគ្រប់ហើយនោះ គឺក្រសួងមិនទាន់ចុះហត្ថលេខាទទួលស្គាល់គុណភាពផ្លូវនេះនៅឡើយទេ គឺត្រូវដាក់ឱ្យប្រជាពលរដ្ឋដំណើរការលើផ្លូវនេះ រយៈពេល១ឆ្នាំសិន ដើម្បីតាមដានពីគុណភាពផ្លូវនេះ។ «នៅពេលនេះគឺយើងមិនទាន់ទទួលទេ នៅពេលដែលចប់សព្វគ្រប់គឺយើងទុកសុពលភាពរយៈពេលមួយឆ្នាំ មួយឆ្នាំក្រោយទៀតគឺយើងមកពិនិត្យ ថាតើយើងទទួលបានឬមិនបាន? ហើយបើទទួលបាន គឺយើងចុះហត្ថលេខាទទួលយកផ្លូវនេះ ដូច្នេះក្នុងរយៈពេលមួយឆ្នាំគឺអត់ទទួលទេ ឱ្យដំណើរការតាមដានលើគុណភាពផ្លូវនេះសិន»។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា ផ្លូវជាតិលេខ៣ នឹងដាក់ជញ្ជីងថ្លឹងរថយន្តចំនួន ២កន្លែង និងមានត្រៀមដាក់ជញ្ជីងបង្កប់ក្រោមដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ ដែលជាមូលហេតុធ្វើឱ្យផ្លូវខូចនោះ។ ម្យ៉ាងវិញទៀត ដោយសារមានក្រុមហ៊ុនមួយចំនួនចង់តែចំណេញ មិនគិតជួយថែទាំសម្បត្តិរបស់ជាតិ ដោយប្រឹងដឹកទំនិញលើសទម្ងន់កំណត់។
សូមបញ្ជាក់ថា ការពង្រីកនិងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុប១៣៥គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩ គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគូស មានទទឹង ២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២គន្លងទៅនិង២គន្លងមក មានសួនច្បារកណ្តាល និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត មានប្រវែងជាង៦៥គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង គឺ១គន្លងទៅនិង១គន្លងមក ទទឹងផ្លូវ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូ AC កម្រាស់៧០មីលីម៉ែត្រ ៕





ប្រភព៖ ក្រសួងព័ត៌មាន