វៀតណាមចង់ចាប់ដៃជាមួយកូរ៉េខាងត្បូង ដើម្បីបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយគ្នា
- BY
- autoadmin
- June 24, 2021
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើឱ្យភាគីកូរ៉េខាងត្បូងឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយវៀតណាម នៅក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលលោកបានជួបសមភាគីរបស់លោកកាលពីថ្ងៃពុធកន្លងទៅនេះ។ នៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងគឺលោក Chung Eui-yong នៅទីក្រុងហាណូយ លោក Bui Thanh Son បានស្នើឱ្យកូរ៉េខាងត្បូងធ្វើការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបង្កើតវ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ និងនាំប្រជាជនឱ្យមានទំនាក់ទនងជាធម្មតាឡើងវិញ។

លោក Bui Thanh Son ក៏បានស្នើឱ្យកូរ៉េខាងត្បូងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ទំនិញវៀតណាមចូលទីផ្សារកូរ៉េខាងត្បូង ធ្វើឱ្យប្រសើរឡើងនូវគុណភាពវិនិយោគ ក៏ដូចជាបន្តជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ២ ក្នុងវិស័យពលកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីទាំង ២ បានឯកភាពគ្នាបន្តធ្វើការយ៉ាងជិតស្និទ្ធតាមរយៈយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសមេគង្គ ដើម្បីរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ និងដោះស្រាយជម្លោះរួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូង។
ចំណែកលោក Chung Eui-yong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី ២១ ដល់ ២៣ ខែមិថុនា បាននិយាយថា កូរ៉េខាងត្បូងជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយវៀតណាម ខណៈដែលកូរ៉េខាងត្បូងផ្ទាល់គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាម។ កូរ៉េខាងត្បូងក៏ជាអ្នកផ្តល់ការវិនិយោគបរទេសធំជាងគេបង្អស់នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនសរុបជិត ៧០ ពាន់លានដុល្លារ និងច្រើនជាង ៨,០០០ គម្រោងនៅតាមតំបន់ជាច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






