វៀតណាមសម្រេចចិត្តកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៧ថ្ងៃ សម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស
- BY
- autoadmin
- June 26, 2021
ប្រទេសវៀតណាមបានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃ ខណៈដែលប្រទេសនេះក៏គ្រោងនឹងចាប់ផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ រវាងគណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងការពារជំងឺ COVID-19 និងក្រសួងវប្បធម៌កីឡា និងទេសចរណ៍។ គេនៅមិនទាន់ច្បាស់ទេថា តើរយៈពេលកំណត់ថ្មីនឹងត្រូវបានអនុវត្តនៅពេលណា ហើយថាតើវានឹងកំណត់ចំនួនណាមួយ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសនេះឬទេ។
ប៉ុន្តែវៀតណាមច្បាស់ណាស់នឹងផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាផ្នែកមួយនៃការសាកល្បងរបស់ខ្លួន ដើម្បីអនុញ្ញាឱ្យភ្ញៀវបរទេសអាចទៅទស្សនាតំបន់ទេសចរណ៍ណាមួយ ដែលគ្រប់គ្រងជំងឺ COVID-19 បានប្រសើរ។ រំលឹកដែរថា វៀតណាមបានបិទព្រំដែនរបស់ខ្លួន និងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនាឆ្នាំមុន។ មានតែជនជាតិវៀតណាមដែលបានធ្វើមាតុភូមិនិវត្តន៍ អ្នកជំនាញបរទេស អ្នកការទូត អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតក្រោមលក្ខខណ្ឌពិសេស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






