អន្តរជាតិ

ពលរដ្ឋរបស់ប្រទេស​រុស្ស៊ីអាចមិនទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តបាន ប៉ុន្តែសម្រាប់បុគ្គលិកការងារ ពួកគេអាចប្រឈមនឹងការបាត់បង់ការងារ

BY
autoadmin
June 29, 2021

ស្ថានភាពជំងឺ COVID-19 ទូទាំងពិភពលោកនៅតែមិនទាន់មានលំនឹង ដោយប្រទេសខ្លះក៏បានធូរស្រាលពីការឆ្លងក្នុងចំនួនច្រើន ហើយខ្លះទៀតក៏កំពុងទទួលការវាយប្រហារពីជំងឺបំប្លែងខ្លួនថ្មីៗជាបន្ដបន្ទាប់។ ប៉ុន្តែទោះបីជាករណីឆ្លងថ្មីមានតិចឬច្រើនក៏ដោយ ការបិទខ្ទប់ទាំងស្រុងគឺមិនអាចធ្វើទៅបានយូរនោះទេ ហើយប្រទេសមួយចំនួនក៏បានព្យាយាមផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង ទាមទារឱ្យមានការស្ម័គ្រចិត្តទទួលយកវ៉ាក់សាំង ដើម្បីអាចទប់ស្កាត់ការឆ្លងករណីថ្មីៗ បុគ្គលិកអាចត្រឡប់ទៅធ្វើការ សិស្សអាចទៅរៀនបាន និងមានសកម្មភាពមនុស្សឡើងវិញ -ល-។

ជាក់ស្ដែងដូចជានៅប្រទេសរុស្ស៊ី រដ្ឋាភិបាលរបស់ពួកគេបានព្យាយាមឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដោយសារចំនួនអ្នកចាក់វ៉ាក់សាំងមានតិចជាងការរំពឹងទុក ហើយបានប្រកាសផងដែរថា យ៉ាងហោចណាស់បុគ្គលិកចំនួន ៦០% ធ្វើការនៅក្នុងវិស័យម្ហូបអាហារ វាសនដ្ឋាន និងដឹកជញ្ជូន គួរតែទៅទទួលវ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ១ដូស ត្រឹមថ្ងៃទី១៥ ខែកក្កដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

ការចាក់ «វ៉ាក់សាំងដោយស្ម័គ្រចិត្ត» ស្ដាប់ទៅវាស្រួលណាស់ ប៉ុន្តែសម្រាប់បុគ្គលិកនៅក្នុងវិស័យដែលបានរៀបរាប់ខាងលើ គឺពួកគេមិនអាចប្រកែកជាមួយការដាក់សម្ពាធបែបនេះបានទេ។ មានន័យថា បើពួកគេមិនចង់ទទួលចាក់វ៉ាក់សាំង ពួកគេនឹងមិនអាចទទួលបានការងារនេះតទៅទៀតបានទេ ខណៈការចាក់វ៉ាក់សាំងគឺនៅតែស្ថិតក្រោមរូបភាពស្ម័គ្រចិត្ត។ ទន្ទឹមនឹងនេះផងដែរ ពលរដ្ឋនៅទីក្រុងម៉ូស្គូរដ្ឋធានីរបស់ប្រទេសនេះ គឺតម្រូវឱ្យមានការបញ្ជាក់ពីការចាក់វ៉ាក់សាំង, ការតេស្ត PCR និងប្រវត្តិជំងឺ COVID-19 ក្នុងរយៈពេល ៦ ខែចុងក្រោយ ទើបអាចចូលទៅហាងកាហ្វេ ឬភោជនីយដ្ឋានបាន។

គិតត្រឹមថ្ងៃច័ន្ទនេះប្រទេសរុស្ស៊ីមានករណីជំងឺ COVID-19 សរុបចំនួន ៥,៤៧២,៩៤១ ករណី និងអ្នកស្លាប់​ចំនួន ១៣៣,៨៩៣ នាក់ ហើយចំនួនអ្នកចាក់វ៉ាក់សាំងគឺមាន ២៣លាននាក់ ខណៈមានតែ ១៦.៧ លាននាក់ ឬ ១១% នៅក្នុងចំណោមប្រជាជនទាំង ១៤៦ លាននាក់​របស់ខ្លួន បានទទួលវ៉ាក់សាំគ្រប់ចំនួនដូស។ អ្វីដែលសំខាន់ពលរដ្ឋប្រមាណ ៦២% របស់ប្រទេសនេះមិនចង់ចាក់វ៉ាក់សាំងនោះទេ ហើយសម្ពាធប្រឈមនឹងការបាត់បង់ការងារគឺមានកាន់តែខ្ពស់ នៅពេលដែលពួកគេធ្វើការក្នុងវិស័យម្ហូបអាហារ វាសនដ្ឋាន និងដឹកជញ្ជូន បើទោះបីជាពួកគេសម្ដែងការមិនពេញចិត្តក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: