អន្តរជាតិ

ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក Moderna សម្រាប់ការប្រើប្រាស់បន្ទាន់

BY
autoadmin
June 30, 2021

ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី២៩ ខែមិថុនា បានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នៅពេលដែលប្រទេសនេះព្យាយាមបង្កើនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដោយសារការកើនឡើងនៃការឆ្លងនិងការស្លាប់នាពេលកន្លងមក។ ប្រទេសដែលមានប្រជាជន ១.៣ ពាន់លាននាក់មួយនេះ ត្រូវបានរងគ្រោះដោយសារការរីករាលដាលពីជំងឺ COVID-19 ខ្លាំងបំផុតកាលពីខែមេសា និងឧសភា ដែលធ្វើឱ្យប្រព័ន្ធវេជ្ជសាស្ត្រឈានដល់ចំណុចលំបាកមួយ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងទី ៤ ដែលត្រូវបានយល់ព្រមដោយទីក្រុងញូវដេលី បន្ទាប់ពីវ៉ាក់សាំង Covishield របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca និង Covaxin ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech និង Sputnik V របស់រុស្ស៊ី។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានការឆ្លងជំងឺ COVID-19 ច្រើនជាងគេទី២ នៅលើពិភពលោក ជាមួយនឹងករណីជាង ៣០ លានករណី និងការស្លាប់ជិត ៣៩៨,០០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: